(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់សភាអាមេរិកបានឱ្យដឹងថា គណៈកម្មាធិការមួយគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យកំពុង បានបើកការស៊ើបអង្កេតលើព័ត៌មាន ពាក់ព័ន្ធនឹងផែនការរបស់សេតវិមាននៃលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរដ៏រសើប ឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ការចេញផ្សាយរបាយការណ៍ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានជួបពិភាក្សាជាមួយក្រុមអ្នកអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ ជាច្រើននាក់នៅឯសេតវិមាន កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លង ដើម្បីពិភាក្សាគ្នាលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅតាមបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងអារ៉ាប៊ីសាអូឌីតផងដែរ។
លើសពីនេះទៅទៀត កូនប្រសារ ប្រុសរបស់លោកត្រាំ គឺលោក ហ្សារ៉េដ ឃូស្នឺ (Jared Kushner) ក៏ត្រូវបានគេរាយការណ៍ដែរថា នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា នៅក្នុងកុម្ភៈនេះ សំដៅពិភាក្សាពីផែនការសន្តិភាពសេដ្ឋកិច្ចនៃរដ្ឋបាលលោក ត្រាំ។ ដោយឡែកបើតាមរបាយការណ៍ដដែល ក្រុមហ៊ុនមានទំនាក់ទំនងជាមួយលោក ត្រាំ គឺជាអ្នកជម្រុញឱ្យរដ្ឋបាលសហរដ្ឋអាមេរិក លក់បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរទៅឱ្យ អារ៉ាប៊ីសាអូឌីត បើទោះជា មានការព្រមានថាការធ្វើបែបនេះ អាចនឹងបង្កអស្ថេរភាពបន្ថែមនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតធ្លាប់បានបង្ហាញជាច្រើនលើក ពីបំណងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដើម្បីពីពិពិធកម្មវិស័យថាមពលរបស់ខ្លួន កុំឱ្យពឹងផ្អែកតែទៅលើប្រេងសុទ្ធសាធ។ ប៉ុន្តែទន្ទឹមគ្នាមជ្ឈដ្ឋានខ្លះនៅតែមានការព្រួយបារម្ភ ដោយខ្លាចក្រែងមហាសេដ្ឋីប្រេងអារ៉ាប់អាចនឹងបម្លែងបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ទៅជាការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរនៅថ្ងៃអនាគត ដូចអ្វីដែលសហរដ្ឋអាមេរិកបានចោទ និងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់នោះដែរ៕