(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា កិច្ចចរចាលើវិវាទពាណិជ្ជកម្មជាមួយប្រទេសចិន បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយលោកក៏បានឲ្យតំរុយទៀតថា អាមេរិកអាចនឹងពន្យារពេលវេលានៃការផ្អាកសង្រ្គាមដំឡើងពន្ធឲ្យហួសពីថ្ងៃទី០១ ខែមីនា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ត្រាំ បានធ្វើការលើកឡើងបែបនេះ បន្ទាប់ពីប្រតិភូមន្រ្តីអាមេរិកបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ដើម្បីចូលរួមការពិភាក្សានៃកិច្ចចរចាពាណិជ្ជកម្មអាមេរិក-ចិន ខណៈការកិច្ចពិភាក្សាជាបន្ទាប់ទៀតនឹងត្រូវប្រព្រឹត្តទៅនៅក្នុងទីក្រុងវ៉ាស៊ីនតោននាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។
គួរជម្រាបថា ចិននិងសហរដ្ឋអាមេរិកបានបង្កសង្រ្គាមពាណិជ្ជកម្មដាក់គ្នា ចាប់តាំងពីពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែមិថុនា ឆ្នាំ២០១៨ថា ទំនិញចិនគិតជាទឹកប្រាក់ស្មើនឹង ៥០ពាន់លានដុល្លារ ដែលនាំចូលមកកាន់អាមេរិកនឹងត្រូវជាប់ពន្ធ ២៥ភាគរយ សំដៅព្យាយាមស្រោចស្រង់ឡើងវិញ នូវឱនភាពពាណិជ្ជកម្មរវាងអាមេរិក-ចិន។
តាំងពីនោះមក មហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរ បានប្រកាសដំឡើងពន្ធដាក់គ្នាទៅវិញទៅមក រហូតដល់ពេលកិច្ចប្រជុំកំពូល G20 នៅអាហ្សង់ទីន កាលពីខែធ្នូ ឆ្នាំទៅមិញលោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានឯកភាពគ្នាលើការផ្អាកជាបណ្តោះអាសន្ន នូវសង្រ្គាមពន្ធរវាងប្រទេសទាំងពីរ ដើម្បីអនុញ្ញាតឲ្យមានឱកាសចរចាគ្នា ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ខណៈការផ្អាកនេះនឹងត្រូវផុតកំណត់នៅថ្ងៃទី០១ ខែមីនា ខាងមុខនេះ៕