(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកចូលចិត្តលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) និងចង់ឱ្យបុរសវ័យ ៧៧ឆ្នាំរូបនេះធ្វើបានល្អនៅក្នុងការប្រកួតប្រជែងយក តំណែងជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ត្រាំ ក៏បង្ហាញយោបល់ផ្ទាល់ខ្លួនបែបសោកស្តាយផងដែរថា លោក Sanders បានបាត់បង់ឱកាសទៅហើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Bernie Sanders នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា លោកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ខាងមុខនេះ។ ដោយឡែកក្រោយការប្រកាសនេះដែរ លោក ដូណាល់ ត្រាំ បានគូបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅសេតវិមានដូច្នេះថា «ខ្ញុំពិតចូលចិត្តលោក Bernie ហើយខ្ញុំសង្ឃឹមថា គាតនឹងធ្វើបានល្អ...ប៉ុន្តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ លោកបានបាត់បង់ឱកាសទៅហើយ និងមានតែរង់ចាំមើលថា គាត់ធ្វើបានល្អដល់កម្រិតណា»។
គួរបញ្ជាក់ថា លោក Bernie Sanders ក៏ធ្លាប់ចូលរួមប្រកួតប្រជែងយកតំណែងជាបេក្ខភាពប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្ស ប្រជាធិបតេយ្យកាលពីឆ្នាំ២០១៦ ផងដែរ តែត្រូវបរាជ័យក្រោមដៃលោកស្រី ហ៊ីលឡារី គ្លីនតុន៕