(តូក្យូ)៖ យន្តហោះចម្បាំងជប៉ុនមួយគ្រឿងប្រភេទ F-2 បានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុននៅពេលកំពុងបំពេញលំហាក់ហ្វឹកហ្វឺនមួយ នាព្រឹកថ្ងៃពុធនេះតែម្តង ប៉ុន្តែជាសំណាងល្អពីឡុតទាំងពីររូបដែលបញ្ជានៅលើនោះ ត្រូវបានជួយសង្គ្រោះទាន់ពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
យន្តហោះចម្បាំងប្រភេទ F-2 ខាងលើនេះ គឺកម្មសិទ្ធិរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (ASDF) ដោយវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា កាលពីវេលាម៉ោង ៩៖១៨នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងតូក្យូ) ហើយវាត្រូវបានរកឃើញកន្លែងធ្លាក់ នៅប៉ុន្មានម៉ោងបន្ទាប់ទៀតក្នុងដែនសមុទ្រជប៉ុនតែម្តង ខណៈអាកាសយានិកពីរនាក់នៅលើនោះត្រូវបានគេជួយសង្គ្រោះទាន់ពេលផងដែរ។
គួរបញ្ជាក់ថា យន្តហោះចម្បាំងខាងលើនេះ បានធ្លាក់ចូលទៅក្នុងសមុទ្រដែលស្ថិតនៅចម្ងាយ ១៣០គីឡូម៉ែត្រពីភាគឦសានមូលដ្ឋានកងកម្លាំងដែនអាកាស ស៊ូអ៊ីគិ (Tsuiki) ដែលស្ថិតនៅភាគនិរតីនៃខេត្ត ហ្វូគូអូកា (Fukuoka)។ សម្រាប់មូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើយ គឺមិនទាន់ត្រូវបានបញ្ជាក់ឡើង៕