(តូក្យូ)៖ ឧត្តមសេនីយនៃកងកម្លាំងស្វ័យការពារជប៉ុនមួយរូប ដែលបានចូលនិវត្តន៍គឺលោក គូនីអុ អូរីតា (Kunio Orita) បានធ្វើការព្យាករណ៍ដ៏គួឱ្យភ្ញាក់ផ្អើលមួយថា មហាយក្សចិនអាចនឹងប្រើកម្លាំងយោធា វាយប្រហារលើកោះតៃវ៉ាន់នៅឆ្នាំ២០២៥ និងកោះអូគីណាវ៉ារបស់ជប៉ុននៅឆ្នាំ២០៤៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Orita ធ្វើការព្យាករណ៍បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រយោធា Stars & Stripes នាពេលថ្មីៗកន្លងទៅ។ ឧត្តមសេនីយជប៉ុនចូលនិវត្តន៍នៃកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនរូបនេះ បានបញ្ជាក់ទៀតថា តាមរយៈការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ទីក្រុងប៉េកាំងអាចនឹងប្រកាសពីតំបន់គ្មានការហោះហើរ នៅជុំវិញកោះតៃវ៉ាន់ជាមុនសិន មុននឹងប្រើប្រាស់កម្លាំងយោធា វាយប្រហារវាយប្រហារលើកងទ័ពជើងទឹក អាកាស និងជើងគោករបស់កោះតៃវ៉ាន់នៅឆ្នាំ២០២៥។
លោក Orita បានបន្ថែមទៀតថា នៅក្នុងករណីដែលចិនគ្រប់គ្រងកោះតៃវ៉ាន់បានទំាងស្រុងរួចហើយ មហាយក្សអាស៊ីមួយនេះនឹងចាប់ផ្ដើមអនុវត្តន៍ ជំហានបន្ទាប់ដោយប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយរបស់ខ្លួនផ្សព្វផ្សាយពីភាពអវិជ្ជមាន និងគំាទ្របាតុកម្មតវ៉ាប្រឆាំងនឹងវត្តមានយោធាអាមេរិក នៅលើកោះអូគីណាវ៉ានៃប្រទេសជប៉ុន ដើម្បីអនុវត្តន៍ជំហានបន្ទាប់ទៀតនោះ គឺវាយប្រហារលើកោះអូគីណាវ៉ានៅឆ្នាំ២០៤៥ និងប្រែក្លាយកោះមួយនេះទៅជាប្រទេសឯករាជ្យមួយ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៩ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមានថា កងទ័ពចិនត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ កម្លាំងយោធាវាយប្រហារលើកោះតៃវ៉ាន់ បើសិនជារដ្ឋាភិបាលទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ។ ប៉ុន្តែនេះមិនមែនជាលើកទី១ ឡើយដែលទីក្រុងប៉េកាំងព្រមានបែបនេះ។ ទោះបីជាយ៉ាងនេះក្តី ក៏ការព្រមានរបស់ចិន គឺមិនមែនមានតែពាក្យសម្តីដូចពេលមុនៗនោះឡើយ ខណៈដែលសកម្មភាពយោធា និងសព្វាវុធទំនើបៗកាន់តែច្រើន ក៏ត្រូវបានសំញែងអមមកជាមួយគ្នាផងដែរ៕