(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតមួយក្នុងពិភពលោក Qualcomm បានដើរសំណើរទៅកាត់និយ័តករពាណិជ្ជកម្មអាមេរិក ហាមឃាត់ការលក់ទូរស័ព្ទដៃ iPhone ស៊េរីមួយចំនួន ដែលមានការរំលោភសិទ្ធិប៉ាតង់ តបទៅតាមសេចក្តីសម្រេចរបស់ចៅក្រមតុលាការនាពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុមហ៊ុន Qualcomm កំពុងតែព្យាយាមឲ្យមានការហាមឃាត់ខាងលើនេះ ដើម្បីដោះស្រាយបញ្ហាឲ្យបានលឿនជាមួយក្រុមហ៊ុន Apple មុនពេលការសម្រេចក្តីចុងក្រោយ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែមេសា ឆ្នាំ២០១៩ នៅទីក្រុង សានឌីហ្គោ (San Diego) ពាក់ព័ន្ធការរំលោភកម្មសិទ្ធិបញ្ញាដែល Qualcomm បានប្តឹងទៅលើ Apple ខណៈវាបានទទួលជោគជ័យខ្លះៗទៅហើយលើការហាមឃាត់ការលក់ iPhone ស៊េរីមួយចំនួននៅចិន និងអាល្លឺម៉ង់ ជាហេតុបង្ខំឲ្យ Apple បង្វែលក់ iPhone របស់ខ្លួនដែលផ្ទុកបន្ទះឈីបក្នុងបណ្តឹងនេះ ទៅកាន់ទីផ្សារមួយចំនួនជំនួសវិញ។
ឆ្លើយតបទៅនឹងចំណាត់ការរបស់ Qualcomm ក្រុមហ៊ុន Apple បានសម្លឹងឃើញថា ការហាមឃាត់ណាមួយដែលអាចកើតមាន ទៅលើការលក់របស់ iPhone ក្នុងទីផ្សារអាមេរិកនោះ គឺអាចកើតមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែល Apple កាលពីសប្តាហ៍មុននេះបានបញ្ចេញនូវ Software ដើម្បីដោះស្រាយបញ្ហា ចៀសវាងការរំលោភប៉ាតង់របស់ក្រុមហ៊ុន Qualcomm ហើយ Apple ក៏បានស្នើឲ្យនិយ័តករអាមេរិកទុកពេលឲ្យខ្លួន ០៦ខែផងដែរ ដើម្បីធ្វើការដោះស្រាយបញ្ហា Software នេះឲ្យរួចរាល់។
គួរបញ្ជាក់ថា ក្រុមហ៊ុន Qualcomm បានចាប់ផ្តើមដាក់ពាក្យប្តឹងក្រុមហ៊ុន Apple ទៅកាន់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (U.S ITC) កាលពីឆ្នាំ២០១៧ ដោយបានចោទប្រកាន់ថា ផលិតផល iPhone មួយចំនួនបានរំលោភលើសិទ្ធិប៉ាតង់ តាមរយៈកម្មវិធីឆ្លាតវៃមួយរបស់ Apple ដែលជួយឲ្យទូរស័ព្ទដើរលឿន និងប្រើប្រាស់ថាមពលថ្មតិច។ ជុំវិញរឿងនេះ Qualcomm បានស្នើឲ្យមានការហាមឃាត់ទៅលើការចរាចរណ៍លក់ប្រភេទ iPhone ដែលមានដើរដោយបន្ទះឈីបរបស់ Intel Corp ហើយខ្លួនបានឈ្នះក្តីនេះនៅប្រទេសចិន និងអាល្លឺម៉ង់រួចមកហើយ៕