(ប៉ារីស)៖ សំនួរដែលសួរថា តើចក្រវាឡមួយនេះមានព្រំដែនដែរ ឬមួយក៏អត់នោះ ពេលនេះកាន់តែស្រពិចស្រពិលហើយ ព្រោះកាឡាក់ស៊ីរាប់សែនដែលអ្នកវិទ្យាសាស្រ្តពុំធ្លាប់ឃើញពីមុន បានបង្ហាញខ្លួនក្នុងផែនទីនៃផ្ទៃមេឃពេលរាត្រីថ្មីមួយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកវិទ្យាសាស្រ្តមួយក្រុមដែលនៅពីក្រោយកិច្ចការអង្កេតទីអវកាស ដែលពុំធ្លាប់មានពីមុនមកនោះបានអះអាងថា របកគំហើញរបស់ពួកគេបានលាតត្រដាងឲ្យដឹងពីអាថ៌កំបាំងស៊ីជម្រៅមួយចំនួនរបស់ចក្រវាឡ រួមមានទាំងលក្ខណៈរូបវិទ្យារបស់ប្រហោងខ្មៅ និងរបៀបវិវឌ្ឍន៍ខ្លួននៃកញ្ចុំកាឡាក់ស៊ីផ្សេងៗជាដើម។
គួរជម្រាបថា អ្នកវិទ្យាសាស្រ្តជាង ២០០នាក់មកពី ១៨ប្រទេសបានចូលរួមក្នុងការសិក្សាថ្មីខាងលើ ដែលបានប្រើប្រាស់បច្ចេកទេស Radio Astronomy ដើម្បីអង្កេតមើលផ្ទៃមេឃមួយផ្នែកនៅអឌ្ឍគោលខាងជើង ហើយបានរកឃើញប្រភពពន្លឺដែលពុំធ្លាប់បានឃើញនាពេលកន្លងមកចំនួន ៣០០,០០០ ហើយពួកវាត្រូវក្រុមអ្នកវិទ្យាសាស្រ្តជឿថា ជាកាឡាក់ស៊ីយ៉ាងពិតប្រាកដ៕