(រីយ៉ាដ)៖ ស្តេចអារ៉ាប៊ីសាអូឌីតព្រះចៅ សាលម៉ាន់ (Salman) នាថ្ងៃអង្គារសប្តាហ៍នេះ បានពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវស្ថិរភាពទីផ្សារប្រេងពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត ដកស្រង់ការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមប្រភពព័ត៌មានខាងលើ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្តោតសំខាន់ទៅលើទីផ្សារប្រេងសកល ក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទដែលព្រះចៅ Salman បានហៅទៅកាន់លោកប្រធានាធិបតីរុស្ស៊ី ក្រោមគោលដៅធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចពិភពលោក។ ព្រះចៅ Salman និង លោក ពូទីន ក៏បានលើកឡើងពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ និងជជែកអំពីបញ្ហាមួយចំនួនផងដែរ។
គួរជម្រាបថា រុស្ស៊ីនិងប្រទេសឈានមុខខាងលើផលិតប្រេងឯទៀតៗ ព្រមទាំងអង្គការប្រេង OPEC បានព្រមព្រៀងគ្នាកាត់បន្ថយការផលិតប្រេង រៀងៗខ្លួនក្នុងចំនួនសរុបចូលគ្នាគឺប្រមាណ ១.២លានប៉ារ៉ែលក្នុងមួយថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃមករាតទៅ ដើម្បីរក្សាតុល្យភាពនៃទីផ្សារប្រេងសាកលនិងលើកស្ទួយដល់តម្លៃប្រេងជារួម។ ដោយឡែកព្រះអង្គម្ចាស់រាជទាយាទ ប៊ីនសាលម៉ាន់ វិញក៏កំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ ដើម្បីរឹតចំណងមិត្តភាព និងពិភាក្សាលើពាណិជ្ជកម្មប្រេងដូចគ្នានេះ៕