(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយនាថ្ងៃអង្គារសប្តាហ៍នេះ ដែលបង្គាប់ឲ្យក្រសួងការពារជាតិព្រាងរៀបចំច្បាប់ស្តីពីការបង្កើតកងកម្លាំងទ័ពអវកាសរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
បទបញ្ជាខាងលើស្នើឲ្យប្រមុខការពារជាតិអាមេរិក រៀបចំស្នើច្បាប់មួយជុំវិញការបង្កើតកងទ័ពអវកាស ជាអង្គភាពទី០៦នៃកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន នេះគឺជាការបោះជំហានមួយប្រកបដោយយុទ្ធសាស្រ្ត ដើម្បីធានារក្សាឥទ្ធិពលរបស់អាមេរិកនៅទីអវកាស។
គួរជម្រាបថា កាលពីខែមិថុនា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានលើកជាសំណើឲ្យមានការបង្កើតកងអង្គភាពទ័ពអវកាសដាច់ដោយឡែកមួយ ខណៈដែលកិច្ចការយោធាកន្លងមកទាក់ទងនឹងទីអវកាស គឺជាកាតព្វកិច្ចរបស់កងទ័ពអាកាសអាមេរិក។ យ៉ាងណាមិញ ការបង្កើតអង្គភាពយោធាថ្មីមួយនៅសហរដ្ឋអាមេរិក តម្រូវឲ្យមានការអនុម័តពីសភាជាតិ៕