(ប៉េកាំង)៖ សារព័ត៌មានបច្ចេកវិទ្យា និងវិទ្យាសាស្រ្តនៃប្រទេសចិនបានឲ្យដឹងថា ចិនមានគម្រោងប្រកបដោយមហិច្ឆតាធំធេងបំផុត ក្នុងការសាងសង់បណ្តាញស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យ ដែលនឹងត្រូវបញ្ជូនទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យដំបូងគេ បានចាប់ផ្តើមដំណើរការសាងសង់កាលពីប៉ុន្មានសប្តាហ៍មុន នៅឯទីក្រុង Chongqing ភាគនិរតី ខណៈនៅចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៥ ចិនរំពឹងថានឹងអាចបញ្ជូនស្ថានីយខ្នាតតូចនិងមធ្យមឡើងទៅកាន់ទីអវកាស ព្រមទាំងស្ថានីយដែលមានកម្រិតផលិតអគ្គីសនីទំហំ ១មេហ្គាវ៉ាត់ នៅអំឡុងឆ្នាំ២០៣០ ឬយូរជាងនេះ ដើម្បីផ្គត់ផ្គង់ថាមពលសម្រាប់ការប្រើប្រាស់នៅលើផែនដី។
ប្រសិនបើផែនការនេះទទួលបានជោគជ័យ វានឹងអាចជួយបំពេញតម្រូវការផ្នែកថាមពលនៅក្នុងប្រទេសចិន ដែលកំពុងតែកើនឡើងខ្លាំង ក៏ដូចជាផ្តល់ឲ្យវិស័យអវកាសចិននូវធនធានច្រើនគ្រប់គ្រាន់ សម្រាប់កិច្ចប្រឹងប្រែងសិក្សាស្រាវជ្រាវនិងរុករកនៅក្នុងទីអវកាស។
គួរជម្រាបថា ដើម្បីសម្រេចគម្រោងមហិច្ឆតានេះបាន ចិនត្រូវតែជម្នះបញ្ហាប្រឈមជាច្រើន រួមមានថា តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីបញ្ជូនស្ថានីយផលិតថាមពលដ៏ធំសម្បើមនេះទៅកាន់គន្លងអវកាសរបស់ផែនដី តាមរយៈគ្រាប់រ៉ុក្កែត ហើយធ្វើការដំឡើងជាស្វ័យប្រវត្តិ? តើត្រូវប្រើមធ្យោបាយអ្វីដើម្បីផ្ទេរថាមពលពីអវកាសមកកាន់ផ្ទៃផែនដី? តើត្រូវរិះរកវិធីសាស្រ្តបែបណា ដើម្បីរក្សាគម្លាតប្រតិបត្តិការដែលមានសុវត្ថិភាព និងបរិស្ថានធ្វើប្រតិបត្តិការមួយដែលមិនមានការបំពុល ជាដើម?