(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យន្តហោះពីរគ្រឿងនៃកងទ័ពអាកាសឥណ្ឌា ដោយជួបហេតុការណ៍អាក្រក់ដោយហោះបុកគ្នានៅកណ្តាលអាកាស អំឡុងពេលនៃការហ្វឹកហ្វឺនមួយត្រៀមបញ្ចេញសមត្ថភាពក្នុងកម្មវិធីហោះហើរប្រចាំឆ្នាំ ខណៈពីឡុតម្នាក់បានបាត់បង់ជីវិត និងពីរនាក់ទៀតរងរបួស៕
២៖ បណ្ដារដ្ឋចំនួន១៦របស់សហរដ្ឋអាមេរិកបានប្រមូលកម្លាំងគ្នាជាក្រុមចំរុះមួយ ក្រោមការដឹកនាំដោយរដ្ឋកាលីហ្វ័រញ៉ា ដើម្បីដាក់ពាក្យប្ដឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងតុលាការជុំវិញការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផ្នែកសន្តិសុខ សំដៅប្រមូលនិធិសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ៕
៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានយោធាវេណេស៊ុយអេឡា ឱ្យបោះបង់ចោលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់អ្វីៗគ្រប់យ៉ាង ហើយលោកក៏បានជម្រុញយោធា នៃប្រជាជាតិអាមេរិកឡាទីនមួយនេះ អនុញ្ញាតឱ្យក្បួនរថយន្ដមនុស្សធម៌ របស់សហរដ្ឋអាមេរិកចូលក្នុងប្រទេសផងដែរ៕
៤៖ មនុស្សយ៉ាងហោចណាស់០២នាក់បានស្លាប់ និង៥០នាក់រងរបួស ក្រោយអគ្គីភ័យបានលេបត្របាក់ កន្លែងងូតទឹកសាធារណមួយនៅក្នុងទីក្រុងដែគូ (Daegu) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង៕
៥៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានលើកឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 រវាងតួកគី និងរុស្ស៊ីនោះគឺនៅតែដដែល គ្មាននរណាអាចមកផ្លាស់ប្តូរបានឡើយ ហើយនៅថ្ងៃអង្គារនេះលោកបានបញ្ជាក់បន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោន និង NATO បានព្យាយាមជាថ្មីទៀតហើយក្នុងការបញ្ចុះបញ្ចូលតួកគី ឲ្យបោះបង់ចោលគំនិតទិញ S-400៕
៦៖ ប៉ាគីស្ថានបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាក៏ដូចជាជួយឥណ្ឌាស៊ើបអង្កេតលើករណីវាយប្រហារដ៏អាក្រក់នៅតំបន់កាស្មៀរនាពេលថ្មីៗនេះ ប៉ុន្តែនឹងធ្វើការសងសឹកតបតទៅវិញ ប្រសិនបើទីក្រុងញូដេលីហ៊ានបើកការវាយប្រហារមកលើខ្លួន៕