(កាណាដា)៖ លេខាជាន់ខ្ពស់ម្នាក់របស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau គឺលោក Gerald Butts បានសម្រេចចិត្ត លាលែងចេញពីតំណែងហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយសារតែភាពចម្រូងចម្រាសពាក់ព័ន្ធនឹងក្រុមហ៊ុនពហុជាតិមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Gerald Butts បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមច្រានចោលការចោទប្រកាន់ទំាងអស់... ហើយពួកយើងគោរពតួនាទីតែមួយគត់របស់អគ្គរដ្ឋអាជ្ញា។ គ្រប់ពេលវេលាខ្ញុំនិងមិត្តរួមការងារបានធ្វើការដោយភាពត្រឹមត្រូវ និងផ្ដោត សំខាន់បំផុតលើផលប្រយោជន៍សម្រាប់ប្រជាជនកាណាដាទាំងមូល»។ លោកបន្ថែមថា៖ «កត្តិយសរបស់ខ្ញុំគឺជាទំនួលខុសត្រូវរបស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ»។
គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោក Gerald Butts កើតមានឡើងក្រោយមានការចោទប្រកាន់ថាសមាជិកជាន់ខ្ពស់នៃការិយាល័យរបស់លោក Trudeau បានដាក់សម្ពាធលើអតីតរដ្ឋមន្ត្រីយុត្តិធម៌ លោកស្រី Jody Wilson-Raybould ឱ្យជួយដល់ក្រុមពហុជាតិ SNC-Lavalin ឱ្យជៀសផុតពីការចោទប្រកាន់ពីបទពុករលួយ និងក្លែងបន្លំទាក់ទិននឹងកិច្ចសន្យាជាច្រើន នៅក្នុងប្រទេសលីប៊ី៕