(អ៊ីស្លាម៉ាបាដ)៖ ប៉ាគីស្ថានបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាក៏ដូចជាជួយឥណ្ឌាស៊ើបអង្កេតលើករណីវាយប្រហារដ៏អាក្រក់នៅតំបន់កាស្មៀរនាពេលថ្មីៗនេះ ប៉ុន្តែនឹងធ្វើការសងសឹកតបតទៅវិញ ប្រសិនបើទីក្រុងញូដេលីហ៊ានបើកការវាយប្រហារមកលើខ្លួន។ នេះបើតាមនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ដកស្រង់សម្តីដោយសារព័ត៌មាន Arab News នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងឱកាសថ្លែងទៅកាន់ប្រជាជាតិតាមកញ្ចក់ទូរទស្សន៍ លោក Khan បាននិយាយយ៉ាងដូច្នេះថា «ប៉ាគីស្ថាននឹងពុំគ្រាន់តែគិតថាចង់សងសឹកទេ គឺប៉ាគីស្ថានច្បាស់ជានឹងសងសឹកតែម្តង បើសិនជាទទួលរងការវាយប្រហារ» ហើយលោកបានទាមទារឲ្យទីក្រុងញូដេលី ចែករំលែកក៏ដូចជាបង្ហាញភស្តុតាងជាក់ស្តែង ដែលបញ្ជាក់ថា ទីក្រុងអ៊ីស្លាម៉ាបាដ មានជាប់ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីសប្តាហ៍មុន នៅផ្នែកនៃតំបន់កាស្មៀរដែលគ្រប់ដោយប្រទេសឥណ្ឌា ដែលបានផ្តាច់ជីវិតកងកម្លាំងសន្តិសុខឥណ្ឌាយ៉ាងតិច៤១នាក់។
ជុំវិញការផ្ទុះឡើងជាថ្មីនៃបញ្ហាវិវាទនេះ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បានស្នើឲ្យអគ្គលេខាធិការនៃអង្គការសហប្រជាជាតិជួយបន្ធូរបន្ថយភាពតានតឹងជាមួយឥណ្ឌា ខណៈដែលភាពតានតឹងបានកើនឡើងខ្លាំង បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតស្លាប់កងកម្លាំងសន្តិសុខឥណ្ឌារាប់សិបនាក់ នៅតំបន់ជម្លោះកាស្មៀរខាងប្រទេសឥណ្ឌា ហើយករណីនេះត្រូវទីក្រុងញូដេលីទម្លាក់កំហុសមកលើទីក្រុងអ៊ីស្លាម៉ាបាដ។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដែលត្រូវប្រឈមមុខនឹងការបោះឆ្នោតក្នុងថ្ងៃឧសភាខាងមុខ បានព្រមានឲ្យប៉ាគីស្ថានត្រៀមរង់ចាំការឆ្លើយតបយ៉ាងចាស់ដៃ ចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែក ដែលត្រូវក្រុមសកម្ម ប្រយុទ្ធមានទំនាក់ទំនងនឹងប៉ាគីស្ថានចេញមុខអះអាងថាជាស្នាដៃរបស់ពួកគេ។ ប្រការនេះបានបង្កក្តីព្រួយបារម្ភជាខ្លាំងអំពីលទ្ធភាពនៃការប៉ះទង្គិចគ្នារវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួននៅក្នុងដៃនេះ៕