(ឡុងដ៍)៖ ក្រុមហ៊ុនផលិតរថយន្តនៃប្រទេសជប៉ុន Honda នាថ្ងៃអង្គារនេះ បានធ្វើសេចក្តីប្រកាសជាផ្លូវការពីការសម្រេចចិត្ត បិទរោងចក្រដំឡើងរថយន្តនៅក្រុង ស្វីនដុន (Swindon) នៃចក្រភពអង់គ្លេសនៅឆ្នាំ២០២១ ដែលទង្វើនេះទំនងជានឹងត្រូវនាំឲ្យអង់គ្លេស ប្រឈមការបាត់បង់ការងារចំនួន ៣,៥០០កន្លែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNBC នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃអង្គារនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honda គឺ លោក តាកាហ៊ីរ៉ូ ហាជីហ្គុ (Takahiro Hachigo) បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្រោមក្របខណ្ឌនៃផែនការរៀបចំរចនាសម្ព័ន្ធថ្មីជាលក្ខណៈជាសកលរបស់ក្រុមហ៊ុន ហើយលោក Hachigo បានបញ្ជាក់ថា Honda នឹងនៅតែបន្តរក្សាទីស្នាក់ការប្រចាំតំបន់អឺរ៉ុបរបស់ខ្លួន នៅអង់គ្លេសដដែល។
គួរជម្រាបថា ស្របពេលជាមួយគ្នានេះ បើតាមការអះអាងរបស់មន្រ្តីមួយរូបទៀតរបស់ក្រុមហ៊ុន Honda ការសម្រេចបិទទ្វាររោងចក្ររថយន្តរបស់ក្រុមហ៊ុន គឺពុំមានពាក់ព័ន្ធនឹងបញ្ហា Brexit (ដំណើរការដកចក្រភពអង់គ្លេស ចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប) ឡើយ។ ប៉ុន្តែក្រុមមន្រ្តីតំណាងរដ្ឋាភិបាលអង់គ្លេស បានសម្តែងការសោកស្តាយ និងខកចិត្តជាខ្លាំង ជុំវិញការសម្រេចចិត្តរបស់ក្រុមហ៊ុន Honda ជុំវិញគម្រោងបិទទ្វាររោងចក្ររថយន្តតែមួយគត់ របស់ក្រុមហ៊ុននេះនៅអង់គ្លេសនោះ៕