(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានលើកឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះថា កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 រវាងតួកគី និងរុស្ស៊ីនោះគឺនៅតែដដែល គ្មាននរណាអាចមកផ្លាស់ប្តូរបានឡើយ ហើយនៅថ្ងៃអង្គារនេះលោកបានបញ្ជាក់បន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោន និង NATO បានព្យាយាមជាថ្មីទៀតហើយក្នុងការបញ្ចុះបញ្ចូលតួកគី ឲ្យបោះបង់ចោលគំនិតទិញ S-400។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក អឺដូហ្គាន់ បានបញ្ជាក់នៅទីក្រុងអង់ការ៉ាយ៉ាងដូច្នេះថា «អាមេរិកបានបញ្ចុះបញ្ចូលរដ្ឋាភិបាលតួកគីជាថ្មី ឲ្យបោះបង់បង់ចោលកិច្ចព្រមព្រៀងទិញ S-400។ ប៉ុន្តែហេតុអ្វីយើងមិនទទួលធ្វើតាម? អ្នកមិនបានបោះជំហានណាមួយ ទៅលើការដាក់ពង្រាយមីស៊ីលនៅតួកគីនោះទេ... ហើយឥឡូវនេះយើងមានសិទ្ធិក្នុងការប្រើប្រាស់ ប្រព័ន្ធមីស៊ីលប្លែកៗពីគ្នាក្នុងពេលតែមួយ... NATO បានបញ្ជាក់ហើយថា វានឹងមិនបង្កបញ្ហានោះទេ។ ប្រទេសក្រិកបានប្រើ S-300 (ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី) ជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នកគ្មានដែលទៅជំទាស់រឿងនោះឯណា...»។ នេះជាការលើកឡើងរបស់លោក អឺដូហ្គាន់ ដែលចង់សំដៅទៅលើសហរដ្ឋអាមេរិកតែម្តង។
គួរបញ្ជាក់ថា នេះជាការបញ្ជាក់ជាថ្មីម្តងទៀត និងជាលើកចុងក្រោយបំផុតរបស់រដ្ឋាភិបាលតួកគីទៅលើកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារមីស៊ីល S-400 ដ៏មានអានុភាពបំផុតរបស់ប្រទេសរុស្ស៊ី ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានព្យាយាមរារាំងរឿងនេះ រាប់ខែឆ្នាំមកហើយ។ ទីក្រុងអង់ការ៉ាបានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងបានសម្រេចចេញទៅហើយ គ្មានអ្វីអាចមកកែប្រែ ឬលុបចេញបាននោះឡើយ៕