(ញូដេលី)៖ យន្តហោះពីរគ្រឿងនៃកងទ័ពអាកាសឥណ្ឌា ដោយជួបហេតុការណ៍អាក្រក់ដោយហោះបុកគ្នានៅកណ្តាលអាកាស អំឡុងពេលនៃការហ្វឹកហ្វឺនមួយត្រៀមបញ្ចេញសមត្ថភាពក្នុងកម្មវិធីហោះហើរប្រចាំឆ្នាំ ខណៈពីឡុតម្នាក់បានបាត់បង់ជីវិត និងពីរនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ Sputnik ដកស្រង់ពីសារព័ត៌មានឥណ្ឌា ANI នារសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមរូបភាពរបស់ ANI គេឃើញមានផ្សែងហុយទ្រលោមចេញពីតំបន់ដែលយន្តហោះទាំងពីរគ្រឿងនេះធ្លាក់ ស្ថិតនៅក្នុងមូលដ្ឋានទ័ពអាកាស យេឡាហានកា (Yelahanka) ស្ថិតនៅទីក្រុង ប៊ែងហ្គាលូរុ (Bengaluru) ប្រទេសឥណ្ឌា។ បើតាមព័ត៌មានដំបូងមានការអះអាងថា ពីឡុតទាំងបីរូបបានចុចឆ័ត្រយោងចេញដោយសុវត្ថិភាព ប៉ុន្តែក្រោយមកទើបមានការបញ្ជាក់ថា ពីឡុតម្នាក់ស្លាប់ និងពីរនាក់រងរបួសតែមិនប៉ះពាល់ដល់ជីវិតទេ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌានឹងរៀបចំកម្មវិធីមួយមានឈ្មោះថា Aero India 2019 ជាការប្រមូលផ្តុំថ្នាក់អន្តរជាតិនូវយន្តហោះ និងការហោះសម្តែងសមត្ថភាពប្រចាំឆ្នាំ ដែលបានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ១៩៩២ មកម្ល៉េះ ខណៈក្រុមហ៊ុនបរទេសចំនួន ២១៣ មកពីប្រទេសចំនួន ២២ នឹងត្រូវចូលរួមក្នុងពេលឆាប់ៗខាងមុខនេះ៕