(ញូដេលី)៖ មនុស្សយ៉ាងតិច ១៣នាក់បានស្លាប់ និង ១៨នាក់ទៀតរងរបួសបន្ទាប់ពីរថយន្តដឹកទំនិញធុនធំមួយគ្រឿង បានជ្រុលទៅបុកក្បួនដង្ហែរនៃពិធីអាពាហ៍ពិពាហ៍មួយកន្លែង នៅរដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគពាយ័ព្យប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាយប់ថ្ងៃចន្ទ នៅភូមិឈ្មោះអាំបាវ៉ាលី (Ambawali) នៃស្រុកប្រាថាប់ហ្គា (Pratapgarh) ដោយរថយន្តធុនធំមួយគ្រឿង បានបោះពួយមកបុកចំក្រុមមនុស្ស ដែលកំពុងដើរជាជួរនៅអែបតាមដងផ្លូវ។ ជាលទ្ធផល មនុស្ស០៩នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុផ្ទាល់ ខណៈ០៤នាក់បានស្លាប់នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក ខណៈក្នុងចំណោមអ្នកទទួលរងរបួស ក៏មានវត្តមានកូនក្រមុំផងដែរ។
គួរជម្រាបថា កម្លាំងប៉ូលិសឥណ្ឌានៅក្នុងតំបន់ បានបើកការស៊ើបអង្កេតទៅលើករណីខាងលើហើយ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយ អំពីមូលហេតុដែលបង្កទៅជាសោកនាដកម្មខាងលើនេះឡើយ ប៉ុន្តែហេតុការណ៍កើតឡើងនៅពេលងងឹតបែបនេះ អាចបណ្តាលមកពីអ្នកបើកបរមើលផ្លូវមិនច្បាស់ និងបាត់បង់ភាពម្ចាស់ការ៕