(ម៉ូស្គូ)៖ ការហែលទឹកកក គឺជាកីឡាដ៏ពេញនិយមមួយនៅក្នុងប្រទេសត្រជាក់ៗ ជាពិសេសនៅរុស្ស៊ី ហើយការធ្វើបែបនេះត្រូវគេអះអាងថា អាចជួយដល់សុខភាព និងអារម្មណ៍បានយ៉ាងច្រើនផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយពី Sputnik នារសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុមអ្នកចូលចិត្តហែលទឹកក្នុងបឹង និងទន្លេដែលត្រជាក់កកនារដូវរងានៅក្នុងប្រទេសរុស្ស៊ី ត្រូវគេដាក់រហស្សនាមថា «Walrus (តោសមុទ្រ)»។ ការធ្វើបែបនេះត្រូវពួកគេអះអាងថា មិនត្រឹមជួយបំបាត់ភាពរងាប៉ុណ្ណោះទេ តែថែមទាំងអាចជួយកម្ចាត់ជាតិខ្លាញ់ដែលនៅផ្តុំតាមផ្នែកនៃរាងកាយ ហើយធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ថ្លា និងសប្បាយក្នុងចិត្តទៀតផង។
ជាមួយគ្នានេះ សហព័ន្ធអ្នកហែលទឹកនារដូវរងានៃប្រទេសរុស្ស៊ី ក៏បានបញ្ជាក់ផងដែរថា ការមានសន្លាក់ឆ្អឹងរឹងមាំ និងស្បែកល្អ សុទ្ធតែស្ថិតក្នុងអត្ថប្រយោជន៍ ដែលបានមកពីការហែលទឹកកក ប៉ុន្តែពួកគេក៏បានព្រមានដែរថា អ្នកដែលមានខ្សោយបេះដូង ឬបញ្ហាផ្លូវដង្ហើមមិនគួរសាកល្បងធ្វើបែបនេះឡើយ។
គួរជម្រាបថា ការហែលក្នុងទឹកកក ក៏ត្រូវគេអនុវត្តន៍នៅតាមប្រទេសនៃតំបន់ Scandinavia នៅអឺរ៉ុប និងចិនផងដែរ ប៉ុន្តែវាមានភាពពេញនិយមជាពិសេសនៅក្នុងប្រទេសរុស្ស៊ី ជាទីដែលទឹកកកត្រជាក់ ត្រូវគេមើលឃើញថា ជាវិធីសាស្រ្តដើម្បីជួយធ្វើឲ្យមនុស្សមានភាពរឹងមាំ៕