(ការ៉ាកាស់)៖ រដ្ឋាភិបាលការ៉ាកាស់បាននិយាយថា ខ្លួននឹងបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ គូគូតា (Cucuta) ដែលជាទីក្រុងមួយរបស់ប្រទេសកូឡុំប៊ី មានព្រំប្រទល់ជាប់ជាមួយវេណស៊ុយអេឡា ដើម្បីជួយដល់កុមារកំពុងរស់នៅ ក្រោមស្ថានភាពដ៏លំបាកក្នុងតំបន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ប៉ុន្តែការប្រកាសបែបនេះត្រូវបានមជ្ឈដ្ឋានខ្លះយល់ថា គឺជាការឆ្លើយតបបែបចំអកទៅកាន់កូឡុំប៊ី ដែលបានសម្រេចចិត្តអនុញ្ញាតឱ្យយន្ដហោះយោធាដឹកជញ្ជូនជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក ចុះចតនៅទីក្រុង Cucuta។ ចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍វេណេស៊ុយអេឡា លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វេណេស៊ុយអេឡានឹងបញ្ជូនជំនួយមនុស្សធម៌ជាចំណីអាហារចំនួន ២០,០០០ប្រអប់ ទៅកាន់ទីក្រុង Cucuta សំដៅជួយដល់កុមារ និងប្រជាជន ដែលកំពុងរស់នៅក្រោមស្ថានភាពដ៏លំបាក ក៏ដូចជាត្រូវការជំនួយជាបន្ទាន់»។ លោកបន្ថែមថា ជំនួយទាំងនេះនឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Cucuta នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ។
គួរជម្រាបថា បើតាមលោក Jorge Rodriguez កុមារជាង ៤០ភាគរយក្នុងទីក្រុង Cucuta កំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ ហើយលោកក៏បានសន្យាផងដែរថា នឹងផ្ដល់ជំនួយជាថ្នាំពេទ្យបន្ថែមទៀតសម្រាប់ទីក្រុងមួយនេះ។ សម្រាប់ការលើកឡើងថា វេណេស៊ុយអេឡានឹងផ្តល់ជំនួយទៅកាន់កូឡុំប៊ីនោះ គឺស្ថិតនៅក្នុងថ្ងៃដដែលដែលលោក ម៉ាឌូរ៉ូ បានប្រកាសថា ប្រទេសរុស្ស៊ីនឹងដឹកជំនួយមនុស្សធម៌ ៣០០លានតោន មកកាន់វេណេស៊ុអេឡា នៅក្នុងថ្ងៃពុធសប្តាហ៍នេះ៕