(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអំពាវនាវឲ្យរុស្ស៊ីជួយសម្របសម្រួល ដល់ការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ជនភៀសខ្លួន រុកប៊ែន (Rukban) ក្នុងប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក លោក រ៉ូប៊ឺត ផល្លាឌីណូ (Robert Palladino) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «ជាច្រើនខែមកហើយសហរដ្ឋអាមេរិកបានធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ (Bashar al-Assad) អនុញ្ញាតឲ្យអង្គការសហប្រជាជាតិចូលទៅកាន់តំបន់ជំរំជនភៀសខ្លួន Rukban បានដោយឆាប់រហ័ស ដោយសុវត្ថិភាព និងដោយពុំមានការរាំងស្ទះ។»
លោក Palladino បានបន្តថា «ការបញ្ជូនជំនួយមនុស្សធម៌នាពេលថ្មីៗនេះទៅកាន់ទីនោះ គឺជាជំហានវិជ្ជមានមួយ ហើយយើងអំពាវនាវឲ្យប្រទេសរុស្ស៊ី ជួយធ្វើការសម្របសម្រួលដល់ការបញ្ជូនជំនួយមនុស្សធម៌ទាំងនេះ ឲ្យបន្តប្រព្រឹត្តទៅមុខយ៉ាងរលូនជាប់រហូត»។
គួរជម្រាបថា ស្ថានការណ៍នៅជំរំជនភៀសខ្លួន Rukban ដែលស្ថិតក្នុងតំបន់កាន់កាប់របស់ទ័ពអាមេរិក ដែលនៅជុំវិញមូលដ្ឋានយោធា អាតតាន់ហ្វ៍ (At-Tanf) របស់សហរដ្ឋអាមេរិក បានចុះដុនដាបគួរឲ្យបារម្ភខ្លាំង ខណៈដែលជនភៀសខ្លួននៅទីនោះ មិនបានទទួលជំនួយមនុស្សធម៌គ្រប់គ្រាន់សម្រាប់រយៈពេលជាយូរមកហើយ៕