(សេអ៊ូល)៖ មនុស្សយ៉ាងហោចណាស់០២នាក់បានស្លាប់ និង៥០នាក់រងរបួស ក្រោយអគ្គីភ័យបានលេបត្របាក់ កន្លែងងូតទឹកសាធារណមួយនៅក្នុងទីក្រុងដែគូ (Daegu) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
អគ្គីភ័យបានឆាបឆេះឡើងកាលពីវេលាម៉ោង ៧៖១១នាទីព្រឹកថ្ងៃអង្គារនេះ នៅកន្លែងងូតទឹកសាធារណរបស់ប្រុសៗស្ថិតនៅជាន់ទី ០៤ របស់អគារមួយដែលមានកម្ពស់ ០៧ជាន់ ស្ថិតក្នុងទីក្រុង Daegu ភាគអាគ្នេយ៍ប្រទេស ចម្ងាយ ៣០២គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ ក្រុមពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុ និងបានពន្លត់ភ្លើងទាំងស្រុងនៅប៉ុន្មានម៉ោងបន្ទាប់ ខណៈមនុស្សរងរបួសទាំងជាង ៥០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយពីរនាក់ដែលរងរបួសធ្ងន់ជាងគេនោះ បានបាត់បង់ជីវិត។
គួរបញ្ជាក់ថា មូលហេតុនៃការកើតមានគ្រោះអគ្គីភ័យខាងលើនេះ គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ខណៈប៉ូលិសកំពុងបន្តការស៊ើបអង្កេត។ បន្ថែមពីនេះមនុស្សរងរបួសភាគច្រើន គឺដោយសារតែពួកគេបានព្យាយាមរត់រកច្រកចេញពីអគារ និងឈ្លក់ផ្សែងភ្លើងធ្ងន់ធ្ងរ៕