(ការ៉ាកាស់)៖ រុស្ស៊ីនឹងបញ្ជូនជំនួយមនុស្សធម៌ ៣០០តោន មកកាន់រដ្ឋធានីការ៉ាកាស់នៃប្រទេសវេណេស៊ុយអេឡា នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ាឌូរ៉ូ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ ធ្វើការអះអាងដូចខាងលើ នៅក្នុងកិច្ចប្រជុំជាមួយអ្នកវិទ្យាសាស្ត្រមួយក្រុម នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ប្រធានាធិបតីវេណេស៊ុយអេឡា ស្ថិតនៅក្នុងបញ្ជីខ្មៅអាមេរិករូបនេះ បានលើកឡើងទៀតថា «យើងទទួលបានជំនួយមនុស្សធម៌ជារៀងរាល់ថ្ងៃ។ ជាឧទាហរណ៍ នៅថ្ងៃពុធសប្ដាហ៍នេះជំនួយមនុស្សធម៌សរុប ៣០០តោនរបស់រុស្ស៊ី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងការ៉ាកាស់»។
លោក ម៉ាឌូរ៉ូ បានបន្ថែមថា ទីក្រុងការ៉ាកាស់បានបដិសេធទទួលយកជំនួយមនុស្សធម៌ពីសហរដ្ឋអាមេរិក ដោយសារតែទីក្រុងវ៉ាស៊ីនតោន មានបំណងប្រើប្រាស់ជំនួយរបស់ខ្លួនជាលេសគាំទ្រដល់បក្ស ប្រឆាំង និងរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលរបស់លោក។
គួរបញ្ជាក់ថា បច្ចុប្បន្នក្បួនរថយន្ដដឹកជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក កំពុងជាប់គាំងនៅឯតំបន់ព្រំដែនរវាងវេណេស៊ុយអេឡា និងកូឡុំប៊ី បន្ទាប់ពីលោក ម៉ាឌូរ៉ូ បញ្ជាឱ្យយោធាបិទខ្ទប់ស្ពានមួយកន្លែង ខណៈប្រជាជនវេណេស៊ុយអេឡារាប់លាននាក់ ត្រូវបានក្រុមមនុស្សធម៌អាមេរិកអះអាងថា កំពុងទន្ទឹមរង់ចំា និងត្រូវការជំនួយមនុស្សធម៌ទាំងនេះជាបន្ទាន់ព្រោះគ្រោះទុរភិក្សក្នុងប្រទេសកំពុងកើនឡើងយ៉ាងគំហុក ដោយសារវិបត្តិសេដ្ឋកិច្ច និងទណ្ឌកម្មពីអន្តរជាតិ៕