(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានយោធាវេណេស៊ុយអេឡា ឱ្យបោះបង់ចោលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់អ្វីៗគ្រប់យ៉ាង ហើយលោកក៏បានជម្រុញយោធា នៃប្រជាជាតិអាមេរិកឡាទីនមួយនេះ អនុញ្ញាតឱ្យក្បួនរថយន្ដមនុស្សធម៌ របស់សហរដ្ឋអាមេរិកចូលក្នុងប្រទេសផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ការព្រមានបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់ជនអន្តោប្រវេសន៍គុយបា និងវេណេស៊ុយអេឡា ក្នុងទីក្រុង Miami នៃរដ្ឋ Florida នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «អ្នក (យោធាវេណេស៊ុយអេឡា) នឹងមិនអាចរកឃើញកន្លែងលាក់ខ្លួនដ៏មានសុវត្ថិភាពឡើយ គ្មានឡើយផ្លូវរត់គេចខ្លួន ហើយពួកអ្នកនឹងបាត់ បង់អ្វីៗគ្រប់យ៉ាង បើសិនជានៅតែគាំទ្រលោក ម៉ាឌូរ៉ូ»។
គួរបញ្ជាក់ថា ក្រៅតែពីព្រមានយោធាវេណេស៊ុយអេឡាឱ្យបោះបង់ចោល លោក ម៉ាឌូរ៉ូ លោក ដូណាល់ ត្រាំ ក៏បានជម្រុញឱ្យពួកគេ ទទួលស្គាល់លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់ ក៏ដូចជាអនុញ្ញាតឱ្យសហរដ្ឋអាមេរិកយកជំនួយមនុស្សធម៌ទៅចែកជូន ប្រជាជនវេណេស៊ុយអេឡាដែលកំពុងត្រូវការជំនួយជាបន្ទាន់៕