(ដាម៉ាស់)៖ ប្រព័ន្ធផ្សព្វផ្សាយតួកគី NTV បានរាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់១៥នាក់បានបាត់បង់ជីវិត និង៣០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកផ្ទួនគ្នានៅឯខេត្ត Idlib ប្រទេសស៊ីរី។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាម NTV ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ ធ្វើឡើងតាមរយៈការបំផ្ទុះរថយន្ដពីរគ្រឿងដែលមានផ្ទុកទៅដោយសារធាតុផ្ទុះ។ ប៉ុន្តែភ្លាមៗ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើវាយប្រហារដ៏អាក្រក់នេះនៅឡើយទេ។
គួរជម្រាបថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះ កើតឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីនៃប្រទេសរុស្ស៊ី តួកគី និងអ៊ីរ៉ង់ បើកកិច្ចប្រជុំត្រីភាគីជាលើកទី៤នៅក្នុងប្រទេសរុស្ស៊ី ដើម្បីពិភាក្សាគ្នាពីអនាគតប្រទេសស៊ីរី ជាពិសេសគឺផ្ដោតសំខាន់ លើខេត្ត Idlib តែម្ដង៕