(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ គោលនយោបាយដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជាទទួលបានជោគជ័យហើយ ដោយសារតែជនអន្តោប្រវេសន៍ដែលមកប្រមូលផ្តុំគ្នានៅក្បែរព្រំដែនអាមេរិក-ម៉ិចស៊ីកូ ទីបំផុតបានចាប់ផ្តើមត្រឡប់បកក្រោយវិញជាបណ្តើរៗ៕
២៖ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌូឡា (Saifuddin Abdullah) នឹងដឹកនាំក្រុមមន្ត្រីម៉ាឡេស៊ី ដើម្បីចរចារឡើងវិញនូវតម្លៃទឹក ដែលបានលក់ទៅឲ្យប្រទេសសិង្ហបុរី៕
៣៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) បានប្រកាសថា ទីក្រុងឡុងដ៍នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅឯ តំបន់មហាសមុទ្រទឹកកកអាក់ទិច (ប៉ូលខាងជើងផែនដី) ដើម្បីទប់ទល់នឹងសកម្មភាពរបស់រុស្ស៊ីនៅក្នុងតំបន់៕
៤៖ មន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងញូដេលីនឹងបន្តធ្វើពាណិជ្ជកម្ម ក៏ដូចជាទិញប្រេងពីបណ្ដាប្រទេស ដទៃក្នុងនោះរួមមានទាំងប្រទេសវេណេស៊ុយអេឡា បើទោះជាសហរដ្ឋអាមេរិកបានព្រមានមិនឱ្យប្រទេសទំាងអស់នៅលើពិភពលោក ទិញប្រេងពីប្រទេសអាមេរិកឡាទីននេះក៏ដោយ៕
៥៖ ព្រះអង្គម្ចាស់ស្នងរាជ្យនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) នាថ្ងៃអាទិត្យ បានចុះកិច្ចព្រមព្រៀងសរុបចំនួន ០៨ ជាមួយប្រទេសប៉ាគីស្ថាន ដែលមានទំហំជាទឹកប្រាក់ស្មើនឹង ២០ពាន់លានដុល្លារអាមេរិក៕
៦៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាវាមុជទឹកបំពាក់មីស៊ីល ផលិតនៅក្នុងស្រុកស៊េរីថ្មីចុងក្រោយបំផុត នៅចំពេលដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក៕