(គួយយ៉ាង)៖ ខេត្តគួយចូវស្ថិតនៅតំបន់ប្រជុំភ្នំ នៃភាគនិរតីប្រទេសចិនគ្រោងនឹងកសាងបណ្តាញផ្លូវព្រៃប្រវែង ៦,០០០គីឡូម៉ែត្រ ដែលនឹងបញ្ចប់នៅឆ្នាំ២០២៥ ស្ថិតនៅក្នុងបង្កើតបណ្តាញធ្វើដំណើរ ដែលមានការគិតគូរអំពីកិច្ចការពារ និងអភិរក្សបរិស្ថានធម្មជាតិក្នុងកម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
សម្រាប់ខេត្តគួយចូវ (Guizhou) ត្រូវបានគេដឹងថា ជាជម្រកនៃធនធានធម្មជាតិដ៏សម្បើមរបស់ប្រទេសចិន ដោយព្រៃឈើកំពុងគ្របដណ្តប់ប្រមាណ ៥៧ភាគរយ នៅទូទាំងខេត្តភាគនិរតីមួយនេះ ហើយអាជ្ញាធរចិនគ្រោងកសាងផ្លូវព្រៃដែលមានចំនួន ៥ខ្សែ និងប្រវែងសរុប ៦,០០០គីឡូម៉ែត្រ តភ្ជាប់ជាបណ្តាញនៅក្នុងតំបន់ព្រៃភ្នំនៃខេត្តមួយនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ ទេសចរណ៍ និងការអភិរក្សធនធានចំរុះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ប្រទេសចិនបានស្រូបភ្លៀវទេសចរប្រមាណ ១.៦ពាន់លាននាក់ មកទស្សនាកម្សាន្តនៅតំបន់ព្រៃឈើ និងឧទ្យានធម្មជាតិនានានៅទូទាំងប្រទេស ដោយក្នុងនោះភាគច្រើនបំផុត គឺភ្ញៀវទេសចរក្នុងស្រុកតែម្តង។ ថ្វីត្បិតតែប្រទេសចិនបានទទួលរងការរិះគន់ពីក្រុមអ្នកការពារបរិស្ថានអន្តរជាតិ អំពីខ្យល់ពុលក៏ដោយ ប៉ុន្តែបើតាមទិន្នន័យពីរូបភាពផ្កាយរណបអង្គការ NASA ថ្មីៗកន្លងទៅនេះ គម្របព្រៃឈើនៅទូទាំងប្រទេសចិនមានការកើនឡើងវិញគួរឲ្យភ្ញាក់ផ្អើល បើធៀបនឹងកាលពី ២០ឆ្នាំមុន៕