(ហាណូយ)៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ បានកើតមានឡើងនៅទីក្រុងឆ្នេរសមុទ្រ ដាណាង (Da Nang) ភាគកណ្តាលប្រទេសវៀតណាម រវាងរថយន្តក្រុងមួយគ្រឿងដឹកភ្ញៀវទេសចរជនជាតិកូរ៉េខាងត្បូងចំនួន ១៦នាក់ និងរថយន្តដឹកកុងតឺន័រមួយគ្រឿង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វៀតណាម VnExpress ដែលបានស្រង់សម្តីរបស់អាជ្ញាធរក្នុងតំបន់កើតហេតុ ពុំមានអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់នេះឡើយ ប៉ុន្តែមនុស្សចំនួន ១០នាក់បានទទួលរងរបួសធ្ងន់ ហើយមានតែម្នាក់ប៉ុណ្ណោះរបួសស្រាល និងត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ។
គួរជម្រាបថា ក្នុងឆ្នាំ២០១៨ ករណីគ្រោះថ្នាក់ចរាចរណ៍ ១៨,២៣២ករណី បានកើតឡើងនៅប្រទេសវៀតណាម និងបានផ្តាច់ជីវិតមនុស្ស ៨,១២៥នាក់ បង្កឲ្យរបួសធ្ងន់ ៥,១២៤នាក់ ក៏ដូចជារបួសស្រាល ៩,០៧០នាក់ ប៉ុន្តែវាជាការថយចុះបើធៀបទៅនឹងឆ្នាំ២០១៧៕