(បាងកក)៖ កំណើនសេដ្ឋកិច្ចនៃប្រទេសថៃក្នុងឆ្នាំ២០១៨ គឺមានកម្រិតល្អប្រសើរបំផុតក្នុងរយៈពេល ០៦ឆ្នាំកន្លងទៅ ដោយនៅត្រីមាសទី៤ឆ្នាំមុន តម្រូវការក្នុងស្រុក និងចំនួនភ្ញៀវទេសចរមកលេងប្រទេសថៃ មានកម្រិតខ្ពស់ជាងការរំពឹងទុកឆ្ងាយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
នាថ្ងៃចន្ទនេះក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចថៃ បានចេញរបាយការណ៍ឲ្យដឹងថា កំណើនសេដ្ឋកិច្ចកាលពីឆ្នាំ២០១៨មានកម្រិត ៤.១ភាគរយ ដែលជាអត្រាខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១២មក ហើយនៅត្រីមាសទី ៤ នៃឆ្នាំទៅមិញនេះ ចំនួនផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសថៃក៏បានកើនឡើងខ្ពស់ផងដែរ។ រីឯចំនួនភ្ញៀវទេសចរដែលបានមកដើរកម្សាន្តវិញក្នុងអំឡុងពេល ០៣ខែចុងក្រោយនៃឆ្នាំ២០១៨ បានកើនឡើង ៤.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (២០១៧)។
គួរជម្រាបថា យ៉ាងណាមិញភាពវិជ្ជមានទាំងអស់ក្នុងវិស័យសេដ្ឋកិច្ចថៃនេះ អាចនឹងប្រឈមហានិភ័យខ្លាំង ដោយសារតែការអាចកើតមានឡើងនូវភាពវឹកវរ ប្រសិនបើប្រជាជនថៃយល់ថា ការបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តទៅជាលើកដំបូងបំផុត គិតចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ នៅថ្ងៃទី២៤ ខែមីនា ខាងមុខ ពុំត្រូវបានធ្វើឡើងដោយសេរី និងមានតម្លាភាពទេនោះ៕