(ញូដេលី)៖ យោធាឥណ្ឌាយ៉ាងហោចណាស់ ០៤នាក់ បានស្លាប់នៅអំឡុងធ្វើប្រតិបត្តិការប្រឆាំងនឹងពួកភេរវករ នៅក្នុងតំបន់ ភីងឡេន (Pinglan) របស់ទីក្រុង ផាល់វ៉ាម៉ា (Pulwama) នៃតំបន់កាស្មៀរ។ នេះបើតាមយោធាឥណ្ឌាដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមយោធាឥណ្ឌាប្រតិបត្តិការតាមប្រមាញ់ពួកភេរវករ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះតែម្ដង បន្ទាប់ពីទទួលបានដំណឹងថា ក្រុមភេរវករមានគ្នា ០៣នាក់មកពីក្រុមសកម្មប្រយុទ្ធ ហ្សេសអ៊ីម៉ូហាំម៉េដ (Jaish-e-Mohammed) កំពុងលាក់ខ្លួននៅក្នុងតំបន់ Pinglan។ ប៉ុន្តែនៅក្នុងប្រតិបត្តិការនេះ ក៏មានការបាញ់តបតគ្នាទៅវិញទៅមកផងដែរ ជាហេតុបណ្ដាលឱ្យយោធាឥណ្ឌា ០៤នាក់ស្លាប់ ខណៈពួកភេរវករ ០២នាក់ត្រូវបានសម្លាប់។
គួរបញ្ជាក់ថា ប្រតិបត្តិការប្រឆាំងភេរកម្មរបស់យោធាឥណ្ឌា ធ្វើឡើងក្រោយកងកម្លាំងសន្តិសុខឥណ្ឌា ៤៦នាក់បានបាត់បងជីវិត នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ប្រល័យលើក្បួនរថយន្តរបស់ពួកគេ នៅក្នុងតំបន់កាស្មៀរ។ ចំណែកឯ ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammed មានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះដែលកំពុងបង្ក ជាជម្លោះការទូតជាថ្មីរវាងទីក្រុងអ៊ីសា្លម៉ាបាត និងទីក្រុងញូដេលី រហូតដល់ទៅប៉ាគីស្ថានប្រកាសហៅប្រេសិតខ្លួនពីឥណ្ឌា ត្រឡប់ទៅប្រទេសវិញ៕