(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គាវីន វីលៀមសុន (Gavin Williamson) បានប្រកាសថា ទីក្រុងឡុងដ៍នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅឯ តំបន់មហាសមុទ្រទឹកកកអាក់ទិច (ប៉ូលខាងជើងផែនដី) ដើម្បីទប់ទល់នឹងសកម្មភាពរបស់រុស្ស៊ីនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Williamson ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋានថ្មីមួយរបស់កងម៉ារីនអង់គ្លេស (Royal Marines) ដែលស្ថិតក្នុងទីក្រុង បាឌូហ្វូស (Bardufoss) ភាគខាងជើងប្រទេសន័រវែស កាលពីថ្ងៃអាទិត្យ។ នាឱកាសនោះ រដ្ឋមន្ត្រីការពារជាតិរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «...បើទោះជាយន្ដហោះយោធា ផូសែដុន (Poseidon) របស់យើងកំពុងតាមដានរាល់ការគំរាមកំហែង ពីសំណាក់នាវាមុជទឹកក៏ដោយ តែយើងនៅតែមានការប្រុងប្រយ័ត្ន ចំពោះការប្រកួតប្រជែងថ្មី។ ដូច្នេះយន្ដហោះល្បាតសមុទ្រ P8 Poseidon ជំនាន់ថ្មីរបស់យើងនឹងត្រូវបានប្រើប្រាស់ក្នុងការទប់ស្កាត់ ការកើនឡើងនៃសកម្មភាពនាវាមុជទឹករុស្ស៊ីនៅក្នុងតំបន់»។
គួរជម្រាបថា បើតាមលោក Williamson កង Royal Marines នឹងត្រូវដាក់ពង្រាយកងទ័ព ១,០០០នាក់ទៅកាន់ប្រទេសន័រវែស ប្រចាំឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំសម្រាប់ការបណ្ដុះបណ្ដាលស្របទៅតាមកិច្ចព្រមព្រៀងរវាងអង់គ្លេស និងន័រវែស។ ចំណែកឯ យន្ដហោះ P8 Poseidon ចំនួន ០៩គ្រឿងក៏នឹងត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស ឡូស្ស៊ីម៉ៅស៍ (Royal Air Force Lossiemouth) ក្នុងប្រទេសស្កុតឡែនផងដែរនៅឆ្នាំ២០២០ ក្រោមក្រមខណ្ឌនៃប្រតិបត្តិការស៊ើបការណ៍ នៅឯតំបន់អាត្លង់ទិចខាងជើង និងអាក់ទិច៕