(គូឡាឡុំាពួ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌូឡា (Saifuddin Abdullah) នឹងដឹកនាំក្រុមមន្ត្រីម៉ាឡេស៊ី ដើម្បីចរចារឡើងវិញនូវតម្លៃទឹក ដែលបានលក់ទៅឲ្យប្រទេសសិង្ហបុរី។ នេះបើតាមសម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាម៉ាត់ មហាធា (Mahathir Mohamad) និងត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះក្តី ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលា និងទីកន្លែងដែលនឹងត្រូវធ្វើការចរចាគ្នានោះទេ។ លោកត្រូវបានគេស្រង់សម្តីថា «យើងនឹងត្រួតពិនិត្យនូវតម្លៃ ៣សេនម៉ាឡេស៊ី (១ដុល្លារស្នើនឹង ៤.០៨ Ringgit) ក្នុង ១,០០០ហ្គាឡុង (ជាង ៣,៧០០លីត្រ) នៃទឹកឆៅ ដែលបានសម្រេចលក់ឲ្យទៅសិង្ហបុរីនៅក្នុងឆ្នាំ១៩៦២។ លោកបន្តថា «នៅពេលនោះ (១៩២៦), តម្លៃ១សេន អាចទិញទំនិញបានច្រើន, ប៉ុន្តែបច្ចុប្បន្នតម្លៃ ១សេន យើងមិនអាចទិញអ្វីបាននោះទេ បើទោះបីជា ៣សេន ក៏យើងមិនអាចទិញអ្វីបានដែរ»។
កិច្ចព្រមព្រៀងទឹកដែលនឹងផុតកំណត់ នៅឆ្នាំ២០៦១ បានផ្តល់សិទ្ធិឲ្យសិង្ហបុរី យកទឹក ២៥០លានហ្គាឡុង ក្នុងមួយថ្ងៃពីទន្លេចូហរ (Johor) របស់ម៉ាឡេស៊ី។ ទន្លេចូហរ ទទួលបានសិទ្ធិក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃរហូតដល់ទៅ ២ភាគរយ នៃទឹកដែលផ្គង់ផ្គង់ឲ្យទៅសិង្ហបុរី។
កាលពីខែមិថុនា ឆ្នាំ២០១៨ លោក មហាធា បានហៅតម្លៃទឹកដែលលក់ទៅឲ្យសិង្ហបុរី ថាជារឿង «គួរឲ្យអស់សំណើច»។ លោកបន្ថែមថា ម៉ាឡេស៊ីមានបំណងធ្វើការចរចារឡើងវិញ ទៅលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ទឹកនេះ។ ជាការឆ្លើយតបវិញ, ក្រសួងការបរទេសសិង្ហបុរីបានលើកឡើងថា ទាំងម៉ាឡេស៊ី និងសិង្ហបុរី «ត្រូវតែគោរពឲ្យបានពេញលេញ» នូវសេចក្តីថ្លែងការណ៍ នៃកិច្ចព្រមព្រៀងទឹកឆ្នាំ១៩៦២ និងកិច្ចព្រមព្រៀងផ្តាច់ចេញពីគ្នាឆ្នាំ១៩៦៥៕