(តែលអាវីវ)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសម្រេចចិត្តបោះបង់ចោលតួនាទីជារដ្ឋមន្ត្រីការបរទេស ដោយប្រគល់តំណែងនេះទៅឱ្យរដ្ឋមន្ត្រីស៊ើបការណ៍សំងាត់ជាតិ លោក អ៊ីស្រាអែល ខេតស៍ (Israel Katz)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ការសម្រេចចិត្តប្រគល់តំណែងជារដ្ឋមន្ត្រីការបរទេសស្ដីទីឱ្យលោក Katz កើតមានឡើងបន្ទាប់ពីក្រុមប្រឹក្សានយោបាយមួយ បានស្នើឱ្យតុលាការដាក់សម្ពាធលើលោក Netanyahu បញ្ឈប់ការដើរតួនាទីជារដ្ឋមន្ត្រីការបរទេស។ ដោយឡែកបើតាមក្រុមមន្ត្រីអ៊ីស្រាអែល លោក Katz ដែលនឹងនៅតែបន្តកាន់តំណែងជារដ្ឋមន្ត្រីស៊ើបការណ៍សំងាត់ និងជារដ្ឋមន្ត្រីដឹកជញ្ជូនផងនោះ នឹងទទួលបន្ទុកកិច្ចការនយោបាយការបរទេស រហូតដល់ការបោះឆ្នោតសភានៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា ក្រៅតែពីតំណែងជានាយករដ្ឋមន្ត្រី លោក Netanyahu ក៏កំពុងកាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្រ្តីការពារជាតិផងដែរបន្ទាប់ពីលោក អាវីកដ័រ ឡៃប៊ឺមិន (Avigdor Lieberman) លាលែងពីតំណែងនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១៨៕