(វ៉ាស៊ីនតោន)៖ គោលនយោបាយដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជាទទួលបានជោគជ័យហើយ ដោយសារតែជនអន្តោប្រវេសន៍ដែលមកប្រមូលផ្តុំគ្នានៅក្បែរព្រំដែនអាមេរិក-ម៉ិចស៊ីកូ ទីបំផុតបានចាប់ផ្តើមត្រឡប់បកក្រោយវិញជាបណ្តើរៗ។ នេះបើតាមដកស្រង់ការផ្សាយចេញពីសារព័ត៌មានអាមេរិក The New York Times នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមសារព័ត៌មានខាងលើ ជនភៀសខ្លួនរាប់ពាន់នាក់ ដែលបានធ្វើដំណើរក្នុងលក្ខណៈជាទ្រង់ទ្រាយធំមកកាន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ ទីបំផុតបានសម្រេចបោះបង់ចោលការព្យាយាមឈានជើងចូលមកកាន់ទឹកដីរបស់សហរដ្ឋអាមេរិកហើយ ដោយសារតែកន្លងមកនេះបានប្រឈមមុខនឹងចំណាត់ការរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំរបស់លោក ដូណាល់ ត្រាំ នៅឯព្រំដែនអាមេរិកភាគខាងត្បូង។
ជនអន្តោប្រវេសន៍ប្រមាណ ៦,០០០នាក់ បានមកកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ជាមួយក្តីប្រាថ្នាថា នឹងទទួលបានលក្ខខណ្ឌរស់នៅល្អប្រសើរជាងមុន ប៉ុន្តែក្តីស្រមៃរបស់ពួកគេ នៃការចូលមកកាន់ទឹកដីអាមេរិកដោយងាយៗនោះបានសាបសូន្យទៅវិញ នៅពេលជនអន្តោប្រវេសន៍ទាំងនោះ បានជួបប្រទះវិធានការតឹងរ៉ឹង ដូចជាការដាក់កំហិតខ្លាំងលើចំនួនមនុស្ស ដែលអាចស្នើសុំជ្រកកោននៅអាមេរិកក្នុងមួយថ្ងៃៗ និងការពង្រឹងស្តង់ដានៃលក្ខខណ្ឌជាដើម។
បើតាមកាសែត The New York Times គិតចាប់តាំងពីដែលក្រុមជនអន្តោប្រវេសន៍ជើងដំបូង បានមកដល់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ នៅខែវិច្ឆិកា ឆ្នាំ២០១៨ ពួកគេប្រមាណ ១,០០០នាក់ បានកែប្រែគំនិតហើយព្រមជ្រកកោននៅត្រឹមប្រទេសម៉ិចស៊ីកូ ខណៈប្រមាណជាង ១,០០០នាក់ទៀត យល់ព្រមឲ្យអាជ្ញាធរម៉ិចស៊ីកូ បញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ដោយឡែកកាលពីថ្ងៃទី១១ ខែកុម្ភៈ អាជ្ញាធរព្រំដែនអាមេរិក ចាប់ខ្លួនបានមនុស្សដល់ទៅ ១,៨០០នាក់ ដែលបានព្យាយាមជ្រៀតចូលតាមចន្លោះរបងព្រំដែន មកក្នុងសហរដ្ឋអាមេរិក។
គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានប្រកាសអាសន្នថ្នាក់ជាតិ ដើម្បីប្រមែប្រមូលថវិកាពីស្ថាប័នរដ្ឋាភិបាល ជាពិសេសពីកញ្ចប់ថវិកាសម្រាប់គម្រោងសាងសង់របស់ក្រសួងការពារជាតិ ដើម្បីយកទៅកសាងជញ្ជាំងព្រំដែនដ៏រឹងមាំមួយ បន្ទាប់ពីសភាអាមេរិកមិនព្រមផ្តល់លុយចំនួន ៥.៧ពាន់លានដុល្លារ សម្រាប់គោលបំណងនេះតាមការទាមទាររបស់លោក៕