(ញូដេលី)៖ មន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងញូដេលីនឹងបន្តធ្វើពាណិជ្ជកម្ម ក៏ដូចជាទិញប្រេងពីបណ្ដាប្រទេស ដទៃក្នុងនោះរួមមានទាំងប្រទេសវេណេស៊ុយអេឡា បើទោះជាសហរដ្ឋអាមេរិកបានព្រមានមិនឱ្យប្រទេសទំាងអស់នៅលើពិភពលោក ទិញប្រេងពីប្រទេសអាមេរិកឡាទីននេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក រ៉ាវីស គុមារ (Raveesh Kumar) ជាអ្នកនាំពាក្យមកពីក្រសួងការបរទេសឥណ្ឌា ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ កាលពីចុងសប្ដាហ៍កន្លងទៅ។ លើសពីនេះទៅទៀត ការលើកឡើងរបស់លោក Kumar កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានព្រមានបណ្ដាប្រទេស និងក្រុមហ៊ុនទាំងអស់នៅលើពិភពលោក កុំឱ្យទិញប្រេងពីប្រទេសវេណេស៊ុយអេឡា។ តែទោះជាយ៉ាងនេះក្ដី ក្រុមមន្ត្រីឥណ្ឌាជាច្រើនរូបក៏ធ្លាប់បានអះអាងជាច្រើនដឹងផងដែរថា នឹងបន្ត ទិញប្រេងពីទីក្រុងការ៉ាកាស់ដដែល។
គួរបញ្ជាក់ថា ចាប់តាំងពីវិបត្តិនយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា ផ្ទុះឡើងកាលពីខែមករាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ទីក្រុងញូដេលីនឹងបន្តធ្វើជាអតិថិជនដ៏ធំមួយពីវេណេស៊ុយអេឡា ជាមួយការទិញប្រេងច្រើនជាង ៤០០,០០០បារ៉ែលក្នុងមួយថ្ងៃ។ ម្យ៉ាងវិញទៀត ខណៈសម្ព័ន្ធមិត្តអាមេរិកនាំគ្នាប្រកាសទទួលស្គាល់លោក ជូអាន ហ្គៃដូ (Juan Guaidó) ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ឥណ្ឌាបានបង្ហាញគោលជំហរនៅកណ្ដាល ដោយអំពាវនាវឱ្យមានការដោះស្រាយវិបត្តិតាមរយៈកិច្ចសន្ទនា ដោយសន្តិវិធីដើម្បីបញ្ចៀសរាល់អំពើហិង្សាទាំងឡាយ៕