(អ៊ីស្លាម៉ាបាដ)៖ ព្រះអង្គម្ចាស់ស្នងរាជ្យនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) នាថ្ងៃអាទិត្យ បានចុះកិច្ចព្រមព្រៀងសរុបចំនួន ០៨ ជាមួយប្រទេសប៉ាគីស្ថាន ដែលមានទំហំជាទឹកប្រាក់ស្មើនឹង ២០ពាន់លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍អារ៉ាប៊ីសាអូឌីត អាល់អារ៉ាប៊ីយ៉ា (Al Arabiya TV) ដកស្រង់ការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
មួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង ០៨ គឺស្តីពីគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេង របស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត អារ៉ាមកូ (Aramco) នៅក្នុងទីក្រុង ក្វាដា (Gwadar) នៃប្រទេសប៉ាគីស្ថាន ដែលត្រូវគេរំពឹងថានឹងក្លាយជា រោងចក្រចម្រាញ់ប្រេងធំបំផុតមួយនៅលើពិភពលោក ខណៈកិច្ចព្រមព្រៀងតែមួយប៉ុណ្ណោះនេះមានតម្លៃដល់ទៅ ១០ពាន់លានដុល្លារ។
នាឱកាសពីធីចុះហត្ថលេខា ព្រះអង្គម្ចាស់ Bin Salman បានមានព្រះបន្ទូលថា «ប៉ាគីស្ថានគឺជាប្រទេសដ៏ជិតស្និទ្ធមួយចំពោះប្រជាជនអារ៉ាប៊ីសាអូឌីត ហើយពួកយើងនឹងបន្តធ្វើជាដៃគូនឹងគ្នា ដូចពេលកន្លងៗមក»។ ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីតបានបន្តទៀតថា ប្រទេសទ្រង់និងប៉ាគីស្ថាន កំពុងសហការគ្នាដើម្បីពង្រីកភាពជាដៃគូផ្នែកសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យទេសចរណ៍។
គួរជម្រាបថា ព្រះអង្គម្ចាស់ Bin Salman កំពុងស្ថិតក្នុងការបំពេញទស្សនកិច្ចរយៈពេល ០២ថ្ងៃ នៅប៉ាគីស្ថាន ដែលជាប្រទេសដំបូងគេក្នុងដំណើរទស្សនកិច្ចនៅតំបន់អាស៊ីរបស់ទ្រង់ ដែលបានចាប់ផ្តើមនាថ្ងៃអាទិត្យ ហើយព្រះអង្គម្ចាស់នឹងត្រូវយាងទៅកាន់ប្រទេសចិន និងឥណ្ឌាជាបន្តបន្ទាប់ទៀត៕