(សហរដ្ឋអាមេរិក)៖ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជាផ្លូវការពីភាពអាសន្នថា្នក់ជាតិ ពាក់ព័ន្ធនឹងការកសាងជញ្ជាំងនៅតាមបន្ទាត់ព្រំដែនជាប់ប្រទេស ម៉ិកស៊ីកូ ដែលនឹងអនុញ្ញាតឱ្យលោករួចផុតពីគំនាបនៃអំណាចរដ្ឋធម្មនុញ្ញ ក្នុងគោលដៅគ្រប់គ្រងការចំណាយ និងបង្វែរមូលនិធិសហព័ន្ធ ឆ្ពោះទៅចំណាយលើគម្រោងកសាងជញ្ជាំង។
ការសម្រេចចិត្តរបស់ប្រធានាធិបតី Donald Trump ក្នុងការធ្វើដូច្នេះត្រូវបានធ្វើឡើង បន្ទាប់ពីលោកមិនអាចទទួលបានប្រាក់តាមការចង់បានពីសភា ដើម្បីកសាងជញ្ជាំង ដែលការសម្រេចចិត្តនេះ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងថាបានការបំពានលើអំណាចនីតិប្រតិបត្តិ។ ដូច្នេះតើប្រធានាធិបតីរូបនេះអាចធ្វើដូច្នេះបានទេ?
សាកល្បងពិនិត្យឡើងវិញនូវការពិតថា តើការប្រកាសភាពអាសន្នថ្នាក់ជាតិនេះមានអត្ថន័យយ៉ាងដូចម្តេច?
* អ្វីទៅជាភាពអាសន្នថ្នាក់ជាតិ?
នៅឆ្នាំ១៩៧៦ សភាបានអនុម័តច្បាប់ភាពអាសន្នថ្នាក់ជាតិ ដែលអនុញ្ញាតឱ្យប្រធានាធិបតីប្រកាសភាពអាសន្ន ក្នុងស្ថានភាពណាមួយដែលលោកគិតថាសមស្រប។ វាអនុញ្ញាតឱ្យប្រធានាធិបតីធ្វើសេចក្ដីប្រកាសណាមួយ តាមឆន្ទានុសិទ្ធិក្នុងនាមជាប្រធានាធិបតី។
នៅក្រោមច្បាប់បច្ចុប្បន្ន អំណាចភាពអាសន្ននឹងត្រូវបានលុបចោលក្នុងរយៈពេលមួយឆ្នាំលុះត្រាតែប្រធានាធិបតី ធ្វើសេចក្ដីប្រកាសពីភាពអាសន្នបន្តទៀតឡើងវិញ។ ភាពអាសន្នថ្នាក់ជាតិអាចត្រូវបានប្រកាសឡើងវិញដោយគ្មានការកំណត់ ហើយក្នុងស្ថានភាពជាក់ស្តែង ការប្រកាសភាពអាសន្នឡើងវិញត្រូវបានអនុវត្តជាញឹកញាប់។
* តើការប្រកាសភាពអាសន្នធ្លាប់បានកើតឡើងពេលណា ក្នុងប្រវត្តិសាស្ត្រអាមេរិក?
ប្រធានាធិបតីអាមេរិក ធ្លាប់បានប្រកាសពីភាពអាសន្នថ្នាក់ជាតិនេះ ចាប់តាំងពីសង្គ្រាមលោកលើកទី២។ យោងតាមសេចក្តីរាយការណ៍របស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានឱ្យដឹងថា អតីតប្រធានាធិបតី Bill Clinton បានប្រកាសអាសន្នចំនួន១៧ដង លោកប្រធានាធិបតី George W. Bush ចំនួន១២ដង និងលោក Barak Obama ចំនួន១៣ដង ដែលក្នុងនោះភាគច្រើន កើតឡើងដោយសារការដាក់ទណ្ឌកម្មប្រឆាំងបរទេស ដែលធ្វើសកម្មភាពគំរាមកំហែងដល់សហរដ្ឋអាមេរិក។ ការប្រកាសមួយចំនួនជាប់ទាក់ទងនឹងវិបត្ដិសេដ្ឋកិច្ច។
លោកប្រធានាធិបតី Clinton បានប្រកាសអាសន្នថ្នាក់ជាតិ ក្នុងអំឡុងនៃការទណ្ឌកម្មទៅលើប្រទេស គុយបា ក្នុងឆ្នាំ១៩៩៦ ដោយរារាំងនាវា ឬយន្តហោះអាមេរិកមិនឱ្យចូលចត ក្នុងទឹកដីគុយបាដោយគ្មានការអនុញ្ញាត។ ដោយឡែកលោក Obama បានប្រកាសភាពអាសន្នថ្នាក់ជាតិក្នុងអំឡុងនៃការរីករាលដាលជំងឺគ្រុនផ្តាសាយជ្រូក H1N1 នាឆ្នាំ២០០៩ ដើម្បីធ្វើផែនការគ្រប់គ្រងគ្រោះមហន្តរាយ និងផ្តល់ការព្យាបាលដល់អ្នកជំងឺឱ្យបានត្រឹមត្រូវ។
ចំណែកលោក Bush វិញបានប្រកាសពីភាពអាសន្នថ្នាក់ជាតិ បន្ទាប់ពីការវាយប្រហារដោយភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ សូមជម្រាបថាបទបញ្ជានៃការប្រកាសភាពអាសន្នលើបញ្ហានេះនៅតែបន្តស្ថិតជាធរមានដល់បច្ចុប្បន្ន។
* តើលោកប្រធានាធិបតីប្រកាសភាពអាសន្នថ្នាក់ជាតិយ៉ាងដូចម្តេច?
ប្រធានាធិបតីត្រូវចេញសេចក្ដីប្រកាសជាលាយលក្ខណ៍អក្សរ ដែលបានបញ្ជាក់យ៉ាងជាក់លាក់អំពីភាពអាសន្នដែលលោកគ្រោងនឹងប្រកាសឡើង។ លោក Goitein បានសន្និដ្ឋានថា តាមរយៈការប្រកាសភាពអាសន្ននេះ មានពីរចំណុចដែល អនុញ្ញាតឱ្យប្រធានាធិបតី Donald Trump សង់ជញ្ជាំងព្រំដែន ដោយប្រើប្រាស់ថវិកាពីក្រសួងការពារជាតិ។
* តើមានអ្វីកើតឡើងនៅពេលមានការប្រកាសអាសន្នថ្នាក់ជាតិ?
ទោះបីជាមិនមានដែនកំណត់ច្រើនទៅលើអំណាចប្រធានាធិបតី ក្នុងការប្រកាសភាពអាសន្នក្តី វាមិនបានផ្តល់សេរីភាពពេញលេញដើម្បីបុគ្គលណាម្នាក់ក្នុងការប្រកាសភាពអាសន្នតាមអំពើចិត្តនោះឡើយ។ ជាក់ស្តែងប្រសិនបើមាននរណាម្នាក់ដែលរងផលប៉ះពាល់ដោយផ្ទាល់ដោយសារការប្រកាសភាពអាសន្ននេះ ពួកគេអាចធ្វើការតវ៉ាចំពោះបញ្ហានេះដល់តុលាការ។ ជាក់ស្តែងលោក Goitein បានលើកឡើងថា ការប្តឹងតវ៉ានេះច្បាស់ជាកើតឡើងក្នុងករណីរបស់សេចក្តីប្រកាសភាពអាសន្នរបស់លោក Donald Trump។ ដោយឡែកសភាក៏អាចធ្វើសេចក្តីព្រាង ដើម្បីបញ្ឈប់ភាពអាសន្នបានដែរ។ តែជាទូទៅសភាច្រើនធ្វើការគាំទ្រទៅលើការប្រកាសរបស់ប្រធានាធិបតីអំពីការប្រកាសភាពអាសន្នថ្នាក់ជាតិ។ សមាជិកសភានៃគណបក្សប្រជាធិបតេយ្យក៏អាចចូលរួមក្នុងបណ្តឹងក្រៅផ្លូវការ រឺក៏ជ្រើសរើសដាក់ពាក្យបណ្តឹងដោយខ្លួនឯងប្រឆាំងការប្រកាសនេះបានដែរ។
* តើសភាមានសំឡេងគ្រប់គ្រាន់ដើម្បីបញ្ឈប់ការប្រកាសភាពអាសន្នដែរឬទេ?
មិនខុសពីច្បាប់ផ្សេងទៀត សភាអាចបដិសេធបានតែលុះត្រាតែទទួលបានការគាំទ្រដោយសំឡេងច្រើនលើសលប់ (សំឡេងពីរភាគបី) ។ ទាក់ទិននឹងបញ្ហានេះសមាជិកគណបក្សសាធារណរដ្ឋជាច្រើនបានរងការរិះគន់វិធីសាស្ត្រនេះ ដោយពួកគេមើលឃើញថា វាមធ្យោបាយសម្រាប់ប្រធានាធិបតីនៅពេលអនាគត ប្រើប្រាស់អំណាចនេះដើម្បីជំរុញគោលដៅនយោបាយផ្ទាល់ខ្លួន។ ប៉ុន្តែពេលនេះវាមិនច្បាស់ទេថា តើសភានឹងមានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតប្រឆាំងនឹងប្រធានាធិបតី ដើម្បីវេតូដែរឬទេ៕