លោក ដូណាល់ ត្រាំ ស្នើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបទទួលយកទៅកាត់ទោសសមាជិក ISIS ជាង៨០០នាក់ ដែលអាមេរិកចាប់ខ្លួនបាននៅស៊ីរី (Video Inside)
17-02-2019 14:54
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍សប្តាហ៍នេះ បានស្នើយ៉ាងទទូចទៅកាន់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ និង បារាំង ព្រមទាំងបណ្តាសម្ព័ន្ធមិត្តឯទៀតៗនៅអឺរ៉ុប ឲ្យទទួលយកទៅកាត់ទោសនូវសមាជិកក្រុមភេរវករ ISIS រាប់រយនាក់ ដែលចាប់ខ្លួនបានដោយសហរដ្ឋអាមេរិក នៅក្នុងទឹកដីនៃប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងទទូចឲ្យចក្រភពអង់គ្លេស អាល្លឺម់ង់ បារាំង រួមទាំងសម្ព័ន្ធមិត្តអឺរ៉ុបឯទៀតៗ ទទួលយកអ្នកប្រយុទ្ធ ISIS ជាង៨០០នាក់ ដែលយើងចាប់ខ្លួនបាននៅប្រទេសស៊ីរី ហើយកាត់ទោសពួកគេតាមផ្លូវច្បាប់»។ ជាមួយគ្នានេះ លោក ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដោះលែងសមាជិក ISIS ទាំងនោះ ប្រសិនបើសម្ព័ន្ធរបស់ខ្លួននៅអឺរ៉ុបបដិសេធចំពោះសំណើនេះ។
គួរជម្រាបថា ការគំរាមកំហែងភេរវកម្ម បានបន្តមានកម្រិតខ្ពស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងតំបន់អឺរ៉ុប ខណៈបណ្តាប្រទេសអឺរ៉ុប បានជួបប្រទះសកម្មភាពវាយប្រហារដោយភេរវកម្មដ៏ប្រល័យមួយចំនួន រួមមានករណីបំផ្ទុះគ្រាប់បែកក្នុងការប្រគុំតន្រ្តីនៅក្នុងទីក្រុង Manchester កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលបានផ្តាច់ជីវិតមនុស្ស២៣នាក់ ជាដើម៕