(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីឆ្នាំមុន បានស្នើឈ្មោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការប្រជែងយកពានណូបែលសន្តិភាព ប៉ុន្តែការស្នើឈ្មោះនេះធ្វើឡើងតាមការទាមទាររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន Asahi នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុនកើតមានឡើង បន្ទាប់ពីលោក ត្រាំ បានអះអាងកាលពីថ្ងៃសុក្រថា លោក អាបេ បានស្នើឈ្មោះរបស់លោក ដើម្បីប្រជែងយកពានណូបែលសន្តិភាព សម្រាប់កិច្ចខិតខំបើកកិច្ចចរចាជាមួយ លោក គីម ជុងអ៊ុន និងការបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង។
ឆ្លើយតបនឹងសំណួរពាក់ព័ន្ធពីក្តីរំពឹងរបស់លោក ចំពោះកិច្ចប្រជុំកំពូលលើកទីពីរជាមួយ លោក គីម នៅចុងខែកុម្ភៈនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានលោក ដូណាល់ ត្រាំ បានប្រាប់ថា លោក អាបេ បានប្រគល់សន្លឹកថតចម្លងនៃលិខិតដ៏មានអត្ថន័យចំនួន៥ទំព័រ ដែលលោកបានសរសេរផ្ញើទៅកាន់គណៈកម្មការណូបែល។ លោក ត្រាំ បានបញ្ជាក់ថា ក្នុងនោះ លោក អាបេ បានស្នើឈ្មោះរបស់លោក ជាបេក្ខជនសម្រាប់ពានណូបែលសន្តិភាព។
គួរជម្រាបថា បើតាមសារព័ត៌មាន Asahi រដ្ឋាភិបាលអាមេរិកបានទាមទារឲ្យលោក អាបេ ស្នើឈ្មោះ លោក ត្រាំ សម្រាប់ពានណូបែលសន្តិភាព នៅក្រោយកិច្ចប្រជុំកំពូលររបស់លោក ត្រាំ កាលពីខែមិថុនា ឆ្នាំ២០១៨ ជាមួយកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ដែលជាជំនួបលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរវាងប្រមុខដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច។
ចំណែកឯរដ្ឋាភិបាលជប៉ុនវិញ ពុំបានធ្វើការបកស្រាយបញ្ជាក់ជុំវិញការអះអាងរបស់លោក ត្រាំ ឡើយ ខណៈពានណូបែលឆ្នាំ២០១៨ បានទៅលើលោក Denis Mukwege និងអ្នកនាង Nadia Murad ដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាផ្លូវភេទក្នុងភ្លើងសង្រ្គាម៕