(ហាណូយ)៖ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវគេអះអាងថា នឹងធ្វើដំណើរមកដល់ប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែកុម្ភៈ មុនការបើកកិច្ចប្រជុំកំពូលលើកទីពីរ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧និងទី២៨ ខែកុម្ភៈ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមប្រភពព័ត៌មានខាងលើ លោក គីម នឹងជួបជាមួយក្រុមមន្រ្តីវៀតណាម នៅពេលលោកមកដល់រដ្ឋធានីហាណូយ។ លោក គីម នឹងធ្វើទស្សនកិច្ចទៅកាន់ទីតាំងមួយចំនួន រួមមានតំបន់វិស័យផលិតកម្មនៃខេត្ត Bac Ninh ព្រមទាំងក្រុងកំពង់ផែឧស្សាហកម្ម Hai Phong ជាដើម។ ចំណែកឯ លោក Nguyen Phu Trong ដែលជាប្រធានាធិបតីនិងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនឹងរៀបចំទទួលជួបពិភាក្សាជាមួយ លោក គីម នៅមុនលោកចេញទៅទស្សនកិច្ចនៅឯប្រទេសឡាវ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្រ្តីជំនិតម្នាក់របស់លោក គីម ជុងអ៊ុន គឺលោក Kim Chang Son ត្រូវគេប្រទះឃើញក្នុងក្រុងហាណូយ កាលពីថ្ងៃសៅរ៍ នៅឯអគារទទួលភ្ញៀវរបស់រដ្ឋាភិបាលវៀតណាម ព្រមទាំងនៅសណ្ឋាគារ Metropole និង Melia ដែលស្ថិតនៅចំកណ្តាលទីក្រុង។
គួរជម្រាបថា ប្រទេសកុម្មុយនិស្តវៀតណាម ដែលបានប្រកាន់យកការធ្វើកំណែទម្រង់សេដ្ឋកិច្ច ក៏ដូចជាបានអភិវឌ្ឍន៍ចំណងការទូតជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដែលជាអតីតគូសត្រូវរបស់ខ្លួននោះ ត្រូវមនុស្សភាគច្រើនមើលឃើញថា គឺជាគំរូម៉ូដែលមួយនៃការធ្វើកំណែទម្រង់សម្រាប់ប្រទេសកូរ៉េខាងជើង៕