(អាល្លឺម៉ង់)៖ មន្រ្តីជាន់ខ្ពស់ចិន លោក Yang Jiechi បានលើកឡើងថា ទីក្រុងប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេររិកនិងរុស្ស៊ីនឹងអាចវិលត្រឡប់ទៅរកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces ហៅកាត់ថា INF ឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងក្នុងការធ្វើសុន្ទរកថាគន្លឹះមួយនៅឯសន្និសីទសន្តិសុខអន្តរជាតិនៃទីក្រុង Munich លើកទី៥៥ នៅអាលឺ្លម៉ង់ លោក Yang បានបញ្ជាក់ថា ចិនគាំទ្រយ៉ាងមុតមាំចំពោះការរក្សាស្ថិរភាពផ្នែកយុទ្ធសាស្រ្តនៅលើពិភពលោក ហើយការប្រកាសរបស់សហរដ្ឋអាមេរិកជុំវិញការដកខ្លួនចេញពីសន្ធិសញ្ញា INF បានជះផលវិបាកធ្ងន់ធ្ងរ និងបានទទួលរងការរិះគន់ជាខ្លាំងពីសហគមន៍អន្តរជាតិ។ បើតាមលោក Yang Jiechi ចិនសង្ឃឹមថា អាមេរិកនិងរុស្ស៊ីនឹងអាចត្រឡប់ទៅរកសន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់នេះវិញ ហើយជំទាស់ដាច់ខាតចំពោះគំនិតនៃការចង់ប្រែក្លាយវាឲ្យទៅជាសន្ធិសញ្ញាពហុភាគី។
គួរជម្រាបថា សន្ធិសញ្ញា INF ដែលត្រូវបានចុះហត្ថលេខាដោយសហភាពសូវៀតនិងសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៨៧ បានចូលជាធរមាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៨៨។ INF ហាមឃាត់ទៅលើការដាក់ពង្រាយមីស៊ីលប្រភេទបាញ់ចេញពីផ្ទាល់ដីនានា ដែលមានរយៈចម្ងាយមធ្យម គឺពី១,០០០ទៅ៥,០០០គីឡូម៉ែត្រ និងរយៈចម្ងាយខ្លីពី៥០០ទៅ១,០០០គីឡូម៉ែត្រ។ កន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ជាច្រើនលើកច្រើនសាថា រុស្ស៊ីបានរំលោភលើសន្ធិសញ្ញានេះ ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធជានិច្ច ហើយបានបង្ហាញក្តីបារម្ភថា អាមេរិកទៅវិញទេ ដែលទំនងជាបានបំពានលើសន្ធិសញ្ញា INF។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រកាសអំពីការបញ្ឈប់កាតព្វកិច្ចរបស់វ៉ាស៊ីនតោន ដែលមាននៅក្រោមសន្ធិសញ្ញា INF ដោយចាប់ផ្តើមពីថ្ងៃទី០២ ខែកុម្ភៈ តទៅ ហើយវ៉ាស៊ីនតោនបានប្តេជ្ញាថានឹងដកខ្លួនចេញឲ្យផុតពីសន្ធិសញ្ញានេះតែម្តងក្នុងរយៈពេល០៦ លុះត្រាតែរុស្ស៊ីបង្ហាញឲ្យឃើញពីការគោរពជាក់ស្តែងនិងអាចផ្ទៀតផ្ទាត់បានចំពោះសន្ធិសញ្ញា INF។
ដោយឡែក នៅថ្ងៃទី០២ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ទីក្រុងម៉ូស្គូក៏នឹងដកខ្លួនចេញពីសន្ធិសញ្ញា INF ដូចគ្នាដែរ ហើយបានបង្គាប់មិនឲ្យក្រុមមន្រ្តីរបស់លោក ចាប់ផ្តើមកិច្ចចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ ជុំវិញបញ្ហានេះ ដោយលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវតែបង្ហាញពីការត្រៀមលក្ខណៈរួចរាល់ជាមុនសិន សម្រាប់កិច្ចសន្ទនាដែលនឹងធ្វើឡើងដោយស្មើភាព និងមានគោលការណ៍មូលដ្ឋានរឹងមាំ៕