(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងនាថ្ងៃសប្តាហ៍នេះថា អ្នកនាំពាក្យរបស់ក្រសួងគឺ លោកស្រី Heather Nauert បានសម្រេចដកឈ្មោះរបស់ខ្លួនចេញពីការស្នើជ្រើសតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរមិកបានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះលោកស្រី Heather Nauert បានសម្រេចដកខ្លួនចេញពីការពិចារណាសម្រាប់ការជ្រើសតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើសេចក្តីប្រកាសទាក់ទងនឹងការជ្រើសតាំងបេក្ខភាពថ្មីសម្រាប់តំណែងនេះ ក្នុងពេលឆាប់ខាងមុខ»។
ជុំវិញហេតុផលនៃការសម្រេចដកខ្លួននេះ លោកស្រី Nauert បានលើកឡើងថា «រយៈពេល០២ខែចុងក្រោយនេះ ពិតជាមានភាពលំបាកជាខ្លាំងសម្រាប់គ្រួសាររបស់ខ្ញុំ ដូច្នេះហើយអ្វីដែលប្រសើរបំផុតសម្រាប់ក្រុមគ្រួសារខ្ញុំ គឺខ្ញុំត្រូវដកខ្លួនចេញពីការពិចារណាសម្រាប់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN»។
គួរជម្រាបថា លោកស្រី Nikki Haley ដែលជាឯកអគ្គរដ្ឋទូតអាមេរិកនៅ UN បច្ចុប្បន្ន កន្លងមកនេះបានប្រកាសថាលោកស្រីនឹងលាលែងពីតំណែង ហើយលោក ត្រាំ ក៏បានជ្រើសតាំងលោកស្រី Nauert ដើម្បីទៅជំនួស៕