(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ នៅថ្ងៃសៅរ៍នេះបានអះអាងជាថ្មីម្ដងទៀតថាទីក្រុងអង់ការ៉ានឹងមិនបោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីនោះទេ ខណៈឱសានវាទរបស់សហរដ្ឋអាមេរិកឱ្យតួកគីលុបចោលគម្រោងនេះបានផុតកំណត់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុមមន្រ្តីអាមេរិកបានដាក់ឱសានវាទក្រៅផ្លូវការមួយឱ្យតួកគី លុបចោលគម្រោងទិញ S-400 ពីទីក្រុងម៉ូស្គួ នៅត្រឹមថ្ងៃសុក្រ ទី១៥ ខែកុម្ភៈនេះ។ ប៉ុន្តែ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើជើងហោះហើរត្រឡប់ទៅកាន់ទីក្រុងអង់ការ៉ា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃស្ដីពីស៊ីរី ក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី លោក អឺដូហ្កាន់បានបញ្ជាក់ជំហរថាតួកគីនឹងនៅតែទិញ S-400 ពីរុស្ស៊ី។ លោកបានលើកឡើងយ៉ាងខ្លីដូច្នេះថា៖ «យើងបានចុះកិច្ចព្រមព្រៀងទិញ S-400 ពីរុស្ស៊ី ដូច្នេះវាគ្មានហេតុផលណាមួយ ឱ្យយើងបោះបង់ចោលគម្រោងនេះឡើយ»។
គួរបញ្ជក់ថា ក្រុមមន្ត្រីអាមេរិកជាច្រើននាក់ ធ្លាប់បានព្រមានតួកគីជាច្រើនដងថាបើសិនជាហ៊ានទិញ S-400 នោះទីក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក៏ដូចជាលុបចោលគម្រោងលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ថ្លៃជាង៣.៥ពាន់លានដុល្លារ រួមទាំងការលក់យន្ដហោះចម្បាំង F-35 ឱ្យទីក្រុងអង់ការ៉ាផងដែរ៕