(គូឡាឡាំពួ)៖ រាជទាយាទនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីនសាល់ម៉ាន់ (Mohammed bin Salman) បានសម្រេចពន្យារពេលការបំពេញទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៊ីយ៉ាងបន្ទាន់បំផុត ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុនោះឡើយ ខណៈរឿងក្តីធ្វើឃាតអ្នកសារព័ត៌មាន Washington Post កាលពីឆ្នាំមុន នៅតែមិនទាន់រកយុត្តិធម៌ឃើញនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ការប្រកាសព័ត៌មានខាងលើនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក សាអ៊ីហ្វូដឌីន អាប់ឌុលឡាហ៍ (Saifuddin Abdullah) ដោយបញ្ជាក់យ៉ាងដូច្នេះថា «ខាងអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ប្រាប់កាលពីយប់ថ្ងៃសុក្រថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន់ មកកាន់ប្រទេសម៉ាឡេស៊ីនោះ ត្រូវបានពន្យារពេលហើយ...។ ជាធម្មតានៅក្នុងទំនាក់ទំនងការទូតអន្តរជាតិ យើងមិនត្រូវសួរថា ហេតុអ្វីនោះឡើយ... យើងគ្រាន់តែយល់ដឹងអំពីបញ្ហានេះ និងពិតណាស់វាត្រូវតែមានហេតុផលគួរត្រូវយោគយល់ណាមួយ ដែលនាំឲ្យដំណើរទស្សនកិច្ចត្រូវបានពន្យារពេលបែបនេះ...»។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន់ បានគ្រោងបំពេញទស្សនកិច្ចមកកាន់ប្រទេសម៉ាឡេស៊ីពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ដែលប្រការនេះមានន័យថា ព្រះរាជដំណើរត្រូវបានពន្យារពេលតែពីរថ្ងៃមុនប៉ុណ្ណោះនៃកាលកំណត់មកដល់។ មិនទាន់មានការបញ្ជាក់បន្ថែមនោះទេថា តើដំណើរទស្សនកិច្ចនឹងត្រូវរៀបចំឡើងវិញនៅពេលណា ហើយប្រទេសផ្សេងៗទៀត ដែលព្រះអង្គម្ចាស់គ្រោងទៅបំពេញទស្សនកិច្ចដែរនោះ ត្រូវបានពន្យារពេលដូចម៉ាឡេស៊ីពេលនេះដែរ ឬក៏អត់នោះឡើយ៕