(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យប៉ាគីស្ថាន បញ្ឈប់ការផ្ដល់ឋានសួគ៌សុវត្ថិភាពសម្រាប់ពួកភេរវករជ្រកកោណ បន្ទាប់ពីកងកម្លាំងសន្តិសុខឥណ្ឌា ៤៦នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតដ៏កក្រើកនៅតំបន់កាស្មៀរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកថ្កោលទោស ចំពោះការវាយប្រហារដ៏អាក្រក់ ប្រឆាំងនឹងកងកម្លាំងសន្តិសុខឥណ្ឌា ហើយខ្ញុំសូមសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំដល់ជនរងគ្រោះ និងគ្រួសារ សាច់ញាតិរបស់ពួកគេ។ ប៉ុន្តែយើងនឹងឈរនៅជាមួយឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភេរវករ រីឯប៉ាគីស្ថានត្រូវតែបញ្ឈប់រាល់ការ ផ្ដល់ឋានសួគ៌សុវត្ថិភាពដល់ពួកភេរវករ ដែលកំពុងគម្រាមកំហែងដល់សន្តិសុខអន្តរជាតិទាំងមូល»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ កងកម្លាំងសន្តិសុខឥណ្ឌា ៤៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាតលើក្បួនរថយន្ដរបស់ពួកគេ នៅឯតំបន់កាស្មៀរដែលជាដែនដីជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន។ ចំណែកឯក្រុមសកម្មប្រយុទ្ធ ហ្សេសអ៊ីម៉ូហាំម៉េដ (Jaish-e Mohammed) មានមូលដ្ឋានក្នុងប្រទេសប៉ាគីស្ថានបានអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ តែទីក្រុងអ៊ីស្លាម៉ាបាដបានទាត់ចោលរាល់ការចោទថា ខ្លួនគាំទ្រក្រុមសកម្មប្រយុទ្ធមួយនេះ៕