(កាលីហ្វ័រញ៉ា)៖ រដ្ឋកាលីហ្វ័រញ៉ាស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិក មានគម្រោងដាក់ពាក្យបណ្ដឹង ប្រឆាំងរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីសាងសង់ជញ្ជាំងព្រំដែនភាគខាងត្បូង ជាមួយប្រទេសម៉ិចស៊ីកូ។ នេះបើតាមអភិបាលរដ្ឋកាលីហ្វ័រញ៉ា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសុម (Gavin Newsom) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិងកំពុងបង្កើតវិបត្តិមួយហើយការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន គឺធ្វើឡើងក្នុងគោលបំណងរឹបអូសអំណាច និងបំផ្លាញរដ្ឋធម្មនុញ្ញ។ ការប្រកាសភាពអាសន្ននេះគឺជារឿងអាម៉ាស់របស់ជាតិ និងជាការ ទទួលខុសត្រូវទាំងស្រុងរបស់លោកប្រធានាធិបតី... ដូច្នេះយើងនឹងជួបអ្នកនៅតុលាការ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា នឹងប្រើប្រាស់ការប្រកាសភាពអាសន្ននេះ ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ ខណៈការប្រកាសនេះត្រូវបានគេរំពឹងថា នឹងផ្ដល់កញ្ចប់ថវិកាជាង ៨ពាន់លានដុល្លារក្នុងការសង់ ជញ្ជាំងព្រំដែនតាមការចង់បាន។
ចំណាត់ការក្តៅនេះបានកើតឡើងក្រោយពីសភាអាមេរិក បានសប្តាហ៍នេះ បានយល់ព្រមអនុម័តថវិកាបណ្តោះអាសន្នតែ ១.៣៧ពាន់លានដុល្លារ សម្រាប់លោក ត្រាំ យកទៅកសាងរបងដែកព្រំដែនធម្មតាៗ ខណៈលោក ត្រាំ ចង់បានរហូតដល់ទៅ ៥.៧ពាន់លានដុល្លារឯណោះ ដើម្បីកសាងជញ្ជាំងដ៏រឹងមាំបំផុត៕