(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានបញ្ចេញនូវយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកដ៏មានអានុភាពបំផុតជាច្រើន នៅក្នុងសមយុទ្ធដ៏ធំស្ថិតក្នុងគោលដៅបង្កើតសមត្ថភាពកម្ចាត់សត្រូវ ខណៈអ្នកតាមដានមួយចំនួនមើលឃើញថា វាហាក់ជាការត្រៀមធ្វើសង្គ្រាមនៅថ្ងៃណាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
កាលពីពេលថ្មីៗនេះ ក្នុងសមយុទ្ធយោធាអាមេរិកនៅលើតំបន់មហាសមុទ្រប៉ាស៊ីហ្វិក គេឃើញមានការបញ្ចេញយន្តហោះចម្បាំងដ៏មានអានុភាពប្រភេទ F-22 ជាច្រើនគ្រឿង អមដោយយន្តហោះចម្បាំង-បំបាំងកាយ F-35 ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ដែលអាមេរិកបានផលិតនៅពេលជិតបញ្ចប់សង្គ្រាមត្រជាក់។ នេះបើតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃសុក្រ។
អ្វីបន្ថែមពីនេះ សមយុទ្ធទាំងមូលគឺមានការផ្តល់ជំនួយពីបណ្តាញទាក់ទងផ្លូវសមុទ្រ និងអាកាស ដែលអាចឲ្យនាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងធ្វើទំនាក់ទំនងគ្នាយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ព័ត៌មានពីស្ថានភាពភូមិសាស្ត្រ និងចលនារបស់សត្រូវផងដែរ។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងស្ងប់ស្ងាត់ ដូច្នេះការធ្វើសមយុទ្ធលើកនេះត្រូវបានអ្នកវិភាគមើលឃើញថា មានចេតនាសំដៅទៅគម្រាមប្រទេសចិនដោយចំពោះតែម្តង ខណៈដែលចិននៅតែមានភាពតានតឹងជាមួយតៃវ៉ាន់ និងការបង្កើនឥទ្ធិពលនៅសមុទ្រចិនខាងត្បូងជាដើម។
គួរបញ្ជាក់ថា ការបញ្ចេញយន្តហោះ F-35 F-22 ឬក៏យន្តហោះទម្លាក់គ្រាប់បែក B-2 Spirit នេះគឺជារឿងដែលថ្មី និងជាចេតនាកំញើញឥទ្ធិពលមួយ នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលយន្តហោះទាំងនេះសុទ្ធតែមានបំពាក់មីស៊ីល-គ្រាប់បែកនៅជាប់តួខ្លួនវា ក្នុងនោះយន្តហោះ B-2 Spirit ត្រូវបានគេដឹងថា មានសមត្ថភាពផ្ទុក និងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដែលមួយគ្រាប់ប៉ុណ្ណោះមានកម្លាំងខ្លាំងជាង «ម៉ែគ្រាប់បែក - Mother of All Bombs» រហូតទៅដល់ ១.៥ដងឯណោះ។
ដូច្នេះអ្វីៗគឺច្បាស់លាស់ថា ព្រោះក្រោយពីការចោទទីក្រុងប៉េកាំងរឿងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល រ៉ាដា និងប្រព័ន្ធសព្វាវុធជាច្រើនទៀតនៅតាមកោះក្នុងសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកក៏បានចាប់ផ្តើមសមយុទ្ធ ដែលទើបត្រូវបានបញ្ចប់ទៅនេះតែម្តង ខណៈដែលអង់គ្លេសនាពេលថ្មីៗនេះ ក៏បានប្រកាសបញ្ជូននាវាចម្បាំងរបស់ខ្លួន មកកាន់តំបន់សមុទ្រចិនខាងត្បូងផងដែរ ក្នុងន័យបង្ហាញការគាំទ្រដល់សហរដ្ឋអាមេរិក៕