(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដបានប្រកាសទាត់ចោលទាំងស្រុង ចំពោះពាក្យចោទប្រកាន់ពីសំណាក់ប្រទេសឥណ្ឌា ដែលថាប៉ាគីស្ថានគឺជាអ្នកស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកលើរថយន្តក្រុង នៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា (Kashmir) ដែលបានបណ្តាលឲ្យនាយទាហានឥណ្ឌា ៤០នាក់បាត់បង់ជីវិតនោះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ដើម្បីបង្ហាញនូវជំហរប្រឆាំងនឹងការចោទប្រកាន់នេះ ក្រសួងការបរទេសប៉ាគីស្ថានក៏បានកោះហៅលោក ហ្គោរ៉ាវ អាលូវ៉ាលៀ (Gaurav Ahluwalia) តំណាងជាន់ខ្ពស់របស់ឥណ្ឌាប្រចាំប៉ាគីស្ថាន ទៅធ្វើការសួរនាំផងដែរ។ នៅចំពោះមុខតំណាងជាន់ខ្ពស់ឥណ្ឌា មន្ត្រីក្រសួងការបរទេសប៉ាគីស្ថានបានធ្វើការច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងអស់ និងបានអំពាវនាវឲ្យឥណ្ឌារក្សាការអត់ធ្មត់ ដោយកុំចេះតែធ្វើការចោទប្រកាន់នរណាម្នាក់ ដោយមិនទាន់បានធ្វើការស៊ើបអង្កេតជាមុននោះ។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៤០នាក់បានស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់មួយរបស់ក្រុមសកម្មយុទ្ធ លើក្បួនរថយន្ដដឹកកងកម្លាំងសន្តិសុខឥណ្ឌានៅឯតំបន់កាស្មៀ។ យោងតាមអាជ្ញាធរឥណ្ឌា រថយន្ដមួយគ្រឿងផ្ទុក ដោយគ្រឿងផ្ទុះបានបើកបំបុករថយន្ដក្រុងមួយគ្រឿង ដែលកំពុងដឹកកងកម្លាំងសន្តិសុខឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងស្រ៊ីណាហ្គា (Srinagar)។
ដោយឡែកក្រោយការវាយប្រហារ ក្រុមសកម្មប្រយុទ្ធ ហ្សេសអ៊ីមូហាំម៉េដ (Jaish-e-Mohammad) ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថានបានចេញមុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដ៏កក្រើកបំផុតនេះ នៅលើផ្លូវហាយវ៉េ Srinagar-Jammu ដែលសិ្ថតនៅចំងាយ ២០គីឡូម៉ែត្រពីទីក្រុង Srinagar នៃតំបន់កាស្មៀ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕