(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អឺរ៉ុបមិនអាចប្រឆាំងនឹងការដាក់ពង្រាយមីស៊ីលអាមេរិក បើទោះជា ពួកគេដឹងថាវាប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួនឯងក៏ដោយ គឺដោយសារតែបច្ចុប្បន្ន «គ្មានប្រទេសណាមួយជឿជាក់លើឯករាជ្យភាពទៀតឡើយ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ធ្វើឡើងនៅអំឡុងពេលបំពេញទស្សនកិច្ចក្នុងទីក្រុង សូឈី (Sochi)។ នាឱកាសនោះ បុរស ខ្លាំងនៃវិមានក្រឹមឡាំងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថាពិភពលោកសម័យទំនើបបច្ចុប្បន្ន គឺជាពិភពលោកដែលពឹងពាក់គ្នាទៅវិញ ទៅមក ហើយគ្មានឡើយប្រទេសឯករាជ្យពេញលេញ... តើអ្នកធ្លាប់គិតទេថា បណ្ដាប្រទេសអឺរ៉ុបចង់ឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយ មីស៊ីលនៅអឺរ៉ុប? ច្បាស់ណាស់គ្មាននរណាម្នាក់ចង់ឡើយ។ ប៉ុន្តែហេតុអ្វីបានជាពួកគេនៅស្ងៀម... តើឯណាទៅអធិបតេយ្យភាពរបស់ខ្លួន»។
គួរបញ្ជាក់ថា លោក ពូទីន បានចូលរួមកិច្ចប្រជុំជាមួយសមភាគីតួកគី លោក អឺដូហ្កាន់ និងសមភាគីអឺរ៉ង់ លោក រូហានី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯទីក្រុង Sochi ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាគ្នាពីអនាគតប្រទេសស៊ីរី ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានរៀបចំកិច្ចប្រជុំមួយដែរក្នុងប្រទេសប៉ូឡូញ ស្ដីពីតំបន់មជ្ឈិមបូព៌ា ជាពិសេសគឺផ្តោតលើប្រទេសអ៊ីរ៉ង់៕