(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ នឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយស្តីពីសន្តិសុខព្រំដែន និងការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នកំរិតថ្នាក់ជាតិ ដើម្បីទទួលបានថវិកាសម្រាប់ធ្វើឲ្យលេចចេញនូវការសន្យាររយៈពេលយូរណាស់មកហើយ របស់លោក គឺការកសាងកំពែងព្រំដែន នៅតំបន់ភាគខាងត្បូង សហរដ្ឋអាមេរិក ដែលសភាមិនផ្តល់ឲ្យលោក, នេះបើយោងតាមសារព័ត៌មាន New York Post ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក ត្រាំ ត្រូវបានគេស្រង់សម្តី នៅក្រៅសេតវិមានថា «យើងនឹងចុះហត្ថលេខា នៅថ្ងៃនេះហើយនឹងប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នលក្ខណៈកំរិតជាតិ, ហើយវាគឺជារឿងដ៏ល្អមួយដែលត្រូវតែធ្វើ ពីព្រោះយើងការពារការឈ្លានពានដោយគ្រឿងញៀន, ការលុកលុយដោយក្រុមមនុស្ស ហើយវាគឺជារឿងដែលមិនអាចទទួលយកបាន។ វាមិនមែនជារឿងស្មុគស្មាញនោះទេ វាគឺជារឿងសាមញ្ញ, យើងចង់លុបបំបាត់គ្រឿងញៀន ដែលចូលមកប្រទេសយើង, យើងចង់បញ្ឈប់អំពើឧក្រិដ្ឋកម្ម និងក្រុមមនុស្សចូលមកប្រទេសយើងទៀត»។
លោក ត្រាំ មិនបានធ្វើការចុះហត្ថលេខា នៅលើសេចក្តីព្រាងច្បាប់ ឬក៏បានប្រកាសជាសាធារណៈនៅឡើយនោះទេ ដោយលោកលើកឡើងថា លោកនឹងធ្វើវាឡើង នៅពេលដែលលោកត្រឡប់ចូលទៅក្នុងសេតវិមានវិញ។
គួរជម្រាបថា ថវិកានៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការកសាងកំពែងព្រំដែន មានប្រមាណ១.៤ពាន់លានដុល្លារ ដែលចំនួននេះតិចជាងចំនួនដែលលោក ត្រាំ ទាមទារចង់បាន ដែលមានរហូតដល់៥.៧ពាន់លាន់ឯណោះ។
គម្រោងប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នកំរិតថ្នាក់ជាតិ ដើម្បីកសាងកំពែងព្រំដែនរបស់លោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំង នឹងសកម្មភាពនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ, អ្នកស្រី ប៉េឡូស៊ី (Pelosi) ប្រធានសភា និងលោក ស៊ូមើ (Schumer) សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក បានលើកឡើងថា ការប្រកាសរបស់លោក ត្រាំ គឺជាទង្វើមិនស្របច្បាប់ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអំណាចរបស់ប្រធានាធិបតី និងការព្យាយាមបំផ្លិចបំផ្លាញ «ពីការបរាជ័យរបស់លោកត្រាំ» ដើម្បីបង្ខំឲ្យម៉ិកស៊ិក បង់ប្រាក់កសាងកំពែង ដូចដែលលោក ត្រាំ បានសន្យាអស់រយៈពេលជាច្រើនឆ្នាំ៕