(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានសម្រេច ផ្តល់ការអនុគ្រោះបន្ថែមដល់បណ្តាក្រុមហ៊ុនអាជីវកម្ម ដែលធ្វើប្រតិបត្តិការក្នុងវិស័យវិទ្យសាស្រ្ត និងបច្ចេកវិទ្យា ដោយរួមមានការកាត់បន្ថយពន្ធសាជីវកម្ម និងការលើកលែងពន្ធ, ការបន្ទាបថ្លៃជួលដីធ្លី និងផ្ទៃទឹក, រួមទាំងការលើកទឹកចិត្តផ្នែកកម្ចីឥណនាជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្រោមច្បាប់ថ្មីរបស់រដ្ឋាភិបាលវៀតណាម ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី២០ ខែមីនា ខាងមុខតទៅនោះ អាជីវកម្មផ្នែកវិទ្យាសាស្រ្តព្រមទាំងបច្ចេកវិទ្យា ដែលមានប្រភពចំណូលពីការបង្កើត និងលក់ផលិតផល ដែលបានពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងការអភិវឌ្ឍបច្ចេកវិទ្យា នឹងទទួលបានការកាត់បន្ថយ និងលើកលែងពន្ធសាជីវកម្ម ដូចគ្នាជាមួយបណ្តាអាជីវកម្ម ដែលមានគម្រោងវិនិយោគថ្មីៗ នៅក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងការអភិវឌ្ឍបច្ចេកវិទ្យា
និយាយឲ្យចំទៅ គឺអាជីវកម្មទាំងនេះនឹងត្រូវលើកលែងពីពន្ធសាជីវកម្មរយៈពេល ០៤ឆ្នាំ ហើយទទួលបានការបន្ធូរបន្ថយពន្ធ ៥០ភាគរយសម្រាប់រយៈពេល ០៩ឆ្នាំបន្ទាប់។ ទាក់ទិននឹងការលើកទឹកចិត្តផ្នែកកម្ចីឥណទានវិញ ក្រឹត្យខាងលើបានបញ្ជាក់ថា គម្រោងដែលវិនិយោគទៅលើផលិតផល ដែលបានមកពីការស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃបណ្តាអាជីវកម្មនានា នឹងត្រូវផ្តល់ឲ្យនូវឥណទានវិនិយោគរបស់រដ្ឋផ្ទាល់។
ចំណែកឯអាជីវកម្មដែលធ្វើការងារទាក់ទងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាអនុវត្តន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅក្នុងផលិតកម្ម និងពាណិជ្ជកម្ម នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន ឬក៏ឥណទានជាមួយអត្រាការប្រាក់យ៉ាងទាប ពីមូលនិធិជាតិ សម្រាប់វិស័យបច្ចេកវិទ្យា និងមូលនិធិផ្សេងៗទៀត។
គួរបញ្ជាក់ថា ប្រទេសវៀតណាមនាមួយទសវត្សរ៍ចុងក្រោយនេះ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង តាមរយៈការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួន, ការបង្កើតទីភ្នាក់ងារអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងអវកាសជាតិ, ការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យារថយន្ត និងយន្តហោះអន្តរជាតិធំៗមកបើករោងចក្រផលិតគ្រឿងបរិក្ខាក្នុងប្រទេស និងការបង្កើតរោងចក្រផលិតរថយន្ត ព្រមទាំងស្មាតហ្វូនដោយខ្លួនឯងជាដើម៕